ក្រសួងបរិស្ថាន​៖ យន្តការ​គាំទ្រ​ភាពជា​ម្ចាស់ ក្នុងការ​គ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន​កាន់តែ​ល្អប្រសើរ និង​ប្រកបដោយ​ប្រសិទ្ធភាព

​ក្នុង​ឆ្នាំ​២០២១ ក្រសួងបរិស្ថាន បាន​ពង្រឹង​យន្តការ​ផ្តល់ជំនួយ​សម្ភារៈ​និង​បច្ចេកទេស​ក្នុងការ​គ្រប់គ្រង សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង​ទីប្រជុំជន នៅតាម​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ទូទាំងប្រទេស​។

​នា​ឆ្នាំ​កន្លងទៅ ក្រសួងបរិស្ថាន​ផ្តល់ជូន​មធ្យោបាយ និង​សម្ភារ ក្នុងការ​គ្រប់គ្រង​សំរាម​សំណល់​រឹង​ជូនទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​អង្គភាព​គោលដៅ រួមមាន​៖
១-​ឡ​ដុត​សំរាម​សំណល់​រឹង ចំនួន​៥៤​គ្រឿង បានផ្តល់​ទៅ​រាជធានី​-​ខេត្ត​ចំនួន​២០ (​ក្រុង ស្រុក និង​អង្គភាព បានទទួល ចំនួន ៥៣)
២-​រថយន្ត ចំនួន​២៣​គ្រឿង​បានផ្តល់​ទៅ​រាជធានី ខេត្ត ចំនួន ១០ (​ក្រុង ស្រុក និង​អង្គភាព​បានទទួល​ចំនួន​១៨)
៣-​ធុងសំរាម​ធំ (Dumpsters) ចំណុះ​៥​តោន ទៅ ១១​តោន ចំនួន ៦៨​ធុង បានផ្តល់​ទៅ​ខេត្ត ចំនួន ៨ (​ក្រុង ស្រុក និង​អង្គភាព បានទទួល ចំនួន ៩)
៤-​ម៉ូតូ​កង់​បី ចំនួន ១១៨ គ្រឿង បានផ្តល់​រួច​ទៅ​រាជធានី ខេត្ត ចំនួន ២៥ (​ក្រុង ស្រុក និង​អង្គភាព បានទទួល ចំនួន ៨៤)
៥-​ធុង​ចម្រោះ​ទឹកស្អាត ចំនួន ២០​ធុង បានផ្តល់​រួច ទៅ​រាជធានី​-​ខេត្ត ចំនួន​៥ និង​ចំនួន ៨៩​ធុង បាន​បំពាក់​រួច នៅតាម​សាលារៀន ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​លើកកម្ពស់​សុខភាព​សិក្សា​។​
៦- ធុង​ដាក់​សំរាម សំណល់​រឹង (​ញែក​សំរាម​) ចំនួន ៥០០​ឈុត បានផ្តល់​រួច​ជូន​ក្រុមការងារ​ផ្តើម​ពី​យើង ដាក់​នៅតាម​សួនច្បារ​សាធារណ បូរី​ប៉េង​ហួត និង​សាលារៀន​
៧- កញ្ចប់​សម្អាត​សំរាម ក្នុង​ក្របខណ្ឌ​គម្រោង​ជំរុញ​បរិយាកាស​អំណោយផល​ដ​ល់​ការអភិវឌ្ឍ​ដោយ​ចីរភាព ជូនទៅ​២៥​រាជធានី​-​ខេត្ត (​មាន​ធុង​ចម្រោះ​ទឹកស្អាត ចំនួន ៥០​ធុង និង​ធុងសំរាម ចំនួន​៣០០​ធុង​)
៨- គ្រឿងចក្រ​ចូក​សំរាម «​សា​ស័​រ​» ចំនួន​២​គ្រឿង បានផ្តល់​ជូនទៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​
​ជាមួយគ្នានេះ ក្នុង​ឆ្នាំ​២០២១​នេះដែរ ក្រសួងបរិស្ថាន​បានផ្តល់​ការបណ្តុះបណ្តាល​ដល់​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ លើ​បច្ចេកទេស​ក្នុងការ​គ្រប់គ្រង​សំរាម​សំណល់​រឹង និង​គម្រោង​រៀបចំ​ទីលាន​ចាក់សំរាម​តាម​ខ្នាត​បច្ចេកទេស​ផងដែរ​។​

​ក្រោយ​មាន​កិច្ច​អន្តរាគមន៍​ពី​ក្រសួងបរិស្ថាន​កន្លងមក យើង​សង្កេតឃើញថា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មួយចំនួន បាននិងកំពុង​អនុវត្ត​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន បានល្អ​ប្រសើរ និង​មួយចំនួនទៀត​កំពុង​ឈានឆ្ពោះ​ទៅរក​ការ គ្រប់គ្រង​សំរាម​សំណល់​រឹង ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងពេល​អនាគត​ខាងមុខ​។
​សូមបញ្ជាក់ថា យន្ត​ការផ្តល់​ការគាំទ្រ​សម្ភារៈ និង​បច្ចេកទេស​ក្នុងការ​គ្រប់គ្រង សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​សំណល់​រឹង​ទីប្រជុំជន នៅ​ថ្នាក់ក្រោម​ជាតិ បាន​គាំទ្រ និង​ជំរុញ​ដល់​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​ទូទាំងប្រទេស ឈានទៅ​ធ្វើ​ភាពជា​ម្ចាស់​នៃ​ការគ្រប់គ្រង​សំរាម​សំណល់​ទីប្រជុំជន និង​លើកកម្ពស់​កិច្ច​គាំពារ​បរិស្ថាន ដើម្បី​ចូលរួម​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ប្រកបដោយ​និរន្តរភាព​។ ចំណុច​សំខាន់​មួយទៀត​នោះ យន្តការ​នេះ​បាន​ក្លាយជា​យុទ្ធសាស្ត្រ​សំខាន់​គាំទ្រ​ដល់​ចលនា​ប្រឡងប្រណាំង​គោលនយោបាយ « ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព » ដែល​បានប្រកាស​ឲ្យ​អនុវត្តន៍​នា​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១ ឲ្យ​មាន​ប្រសិទ្ធភាព​។

​លក្ខណសម្បត្តិ​ទី ៦ ក្នុងចំណោម​លក្ខណសម្បត្តិ​ទាំង​៧ នៃ​គោលនយោបាយ « ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព » បាន​លើកឡើងថា មាន​អនាម័យ មាន​សោភ័ណ​ភាពល្អ និង​មាន​បរិស្ថាន​ល្អ ដោយ​ឈរលើ​គោលការណ៍ «​ការរស់នៅ​ស្អាត ភូមិឋាន​ស្អាត សុខភាព​ល្អ ជីវិត​រីករាយ អនាគត​រុងរឿង »​។ កម្ពុជា​ស្អាត​ផ្តើមចេញពី​យើង​ម្នាក់ៗ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close