សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​សហប្រធាន បើក​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​សហប្រធាន បើក​រួម​បើក​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ ដែល​ពិធី​នេះ​ប្រា​រព​ឡើង​នៅ​សណ្ឋាគារ​ឡូ​តេ​វើ​ល សាល​ឡូ​តេ​គ្រី​ស្តា​ល់ ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ។ នៅក្នុង កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ គឺ​បណ្តា​មេដឹកនាំ​ពិភពលោក​នានា រួមទាំង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នេះ​។

​នៅក្នុង​ពិធី​ជួបជុំ​មុន​ពិធី​បើក​ជា​ផ្លូវការ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ត្រូវបាន​បាន ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ពី​បណ្តា​មេដឹកនាំ​ពិភពលោក​នានា ក្នុងនោះ​រួមមាន​ឯកឧត្តម នាយករដ្ឋមន្ត្រី​កូ​សូ​វ៉ូ ឯកឧត្តម មេក ប៉ែន (Mike Pence) អតីត​អនុ​ប្រធានាធិបតី សហរដ្ឋអាមេរិក ឯកឧត្តម បាន គី​មីន អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ឯក​ឧត​ត្ត​ម អតីត​នាយករដ្ឋមន្ត្រី ព័រទុយហ្កាល់ និង​ជា​អតីត​ប្រធាន​គណៈកម្មកា​សហគមន៍​អឺរ៉ុប ឯកឧត្តម​អតីត​នាយករដ្ឋមន្ត្រី​អី​ស្រា​អ៊ែ​ល រួមទាំង​ឥស្សរជន​ជាន់ខ្ពស់​ពិភពលោក​ជាច្រើនរូប​ទៀត​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានធ្វើការ​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់ ទៅលើ​របៀបវារៈ នៃ​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។

​បន្ទាប់មក​បណ្តា​មេដឹកនាំ​ឥស្សរជន​ជាន់ខ្ពស់​ពិភពលោក បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ ស្តីពី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ដោយ​នៅក្នុង​ពិធី​បើក​ជា​ផ្លូវការ​នេះ បណ្តា​មេដឹកនាំ​សាសនា​ពិភពលោក បាន​អញ្ជើញ​បូ​ង​សួង​សុំ​សន្តិភាព​សម្រាប់​ឧបទ្វីប​កូរ៉េ ពិសេស​ការ​ថ្លែង​សារ​សន្តិភាព និង​ការ​បួងសួង​របស់​តំណាង​សាសនា​ទាំង​បួន រួមទាំង​ព្រះសង្ឃ​និមន្ត​ទៅ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ។

​ឯកឧត្តម​បណ្ឌិត យុន យ៉ុង​ហូ អគ្គនាយក​អង្គការ​សន្តិភាព​សកល មានប្រសាសន៍​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​បណ្តា​មេដឹកនាំ​នានា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​បំផុត អញ្ជើញ​ចូលរួម​ដោយផ្ទាល់​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក ឆ្នាំ​២០២២ ស្តីពី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ នៅលើ​ទឹកដី​រដ្ឋធានី​សេ​អ៊ូ​ល ដ៏​ស្រស់បំព្រង​នេះ​។

​ឯកឧត្តម​បណ្ឌិត​មានប្រសាសន៍​បន្តថា វត្តមាន​របស់​សម្តេច​តេ​ជោ និង​បណ្តា​មេដឹកនាំ​ពិភពលោក​ទាំងអស់​នៅពេលនេះ ក៏ដូចជា​ការ​ថ្លែង​សា​តាម​ប្រព័ន្ធ​វីដេអូ គឺជា​ការចូលរួមចំណែក​ដល់​បុព្វហេតុ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close