ក្រសួងទេសចរណ៍ គាំទ្រ​យ៉ាង​ពេញទំហឹង កម្មវិធី​ប្រកួត​ជ្រើសរើស​លោកស្រី​ឯក​ពិភពលោក​កម្ពុជា

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានបង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង និង​សហការ​ជាមួយ​កម្មវិធី​ប្រកួត​ជ្រើសរើស​លោកស្រី​ឯក​ពិភពលោក​កម្ពុជា (Mrs Cambodia World) ដើម្បី​ពង្រីក​ការផ្សព្វផ្សាយ​អំពី​គោលដៅ​ទេសចរណ៍ និង​សក្ដានុពល​ទេសចរណ៍​កម្ពុជា ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​បេ​ក្ខ​នារី​តំណាងឱ្យ​ប្រទេស​កម្ពុជា នៃ​កម្មវិធី​ប្រកួត​ជ្រើសរើស​លោកស្រី​ឯក​ពិភពលោក​ផងដែរ​។​

​ការប្រកាស​គាំទ្រ​កម្មវិធី​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ក្នុងជំនួប​រវាង​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​តំណាង​រៀបចំ​កម្មវិធី​ប្រកួត​ជ្រើសរើស​លោកស្រី​ឯក​ពិភពលោក​កម្ពុជា ដឹកនាំ​ដោយ​លោកស្រី ចាក​ឃ្លី​ន បា​ហ្កា​វ៉ាន់ (Jacqueline P. Bhagavan) ដែល​ត្រូវ​បានផ្ដល់​កិត្តិយស​ជា​ស្ត្រី​គំរូ​សម្រាប់​កម្មវិធី​ប្រកួត​ជ្រើសរើស​លោកស្រី​ឯក​ពិភពលោក​កម្ពុជា និង​លោក ម៉ែន សីហា ស្ថាបនិក​រង​នៃ​កម្មវិធី​ប្រកួត​ជ្រើសរើស​លោកស្រី​ឯក​ពិភពលោក​កម្ពុជា​។ ជំនួប​នេះ​ធ្វើឡើង​។​

​គួរ​ជម្រាប​ថា កម្មវិធី​ប្រកួត​ជ្រើសរើស​លោកស្រី​ឯក​ពិភពលោក​កម្ពុជា​នេះ គឺ​ត្រូវ​បានរៀបចំ​លើកដំបូង​សម្រាប់​កម្ពុជា ដោយមាន​គោលបំណង​ចូលរួម​លើកកម្ពស់​ស្ត្រី​ខ្មែរ និង​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ពី​វិស័យ​វប្បធម៌ អរិយធម៌​ខ្មែរ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ជាដើម ដែល​នឹង​ប្រព្រឹត្តទៅ​នា​ចុងឆ្នាំ​២០២២​ខាងមុខ​។ ម្យ៉ាងវិញទៀត ក៏មាន​ការអញ្ជើញ​អតីត​ម្ចាស់​ជ័យលាភី​លោកស្រី​ឯក​កាលីហ្វ័រ​ញ៉ា ឆ្នាំ​២០១៥-២០១៦ ដែលមាន​សញ្ជាតិ​ដើម​កម្ពុជា ធ្វើជា​ស្ត្រី​គំរូ​សម្រាប់​កម្មវិធី​ប្រកួត​ជ្រើសរើស​លោកស្រី​ឯក​ពិភពលោក​កម្ពុជា​នេះ​ផងដែរ​។​

​នាឱកាស​នោះ លោកស្រី ចាក​ឃ្លី​ន បា​ហ្កា​វ៉ាន់ បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី ថោង ខុន យ៉ាង​ដូច្នេះ​ថា បច្ចុប្បន្ន​លោកស្រី​ជា​បេ​ក្ខ​នារី​តំណាងឱ្យ​ប្រទេស​កម្ពុជា​នៃ​កម្មវិធី​ប្រកួត​ជ្រើសរើស​លោកស្រី​ឯក​ពិភពលោក​។ ប៉ុន្តែ​ស្របពេល​ដែល​នៅ​ប្រទេស​កម្ពុជា​រៀបចំ​កម្មវិធី​ប្រកួត​ជ្រើសរើស​លោកស្រី​ឯក​ពិភពលោក​កម្ពុជា​ដែរនោះ លោកស្រី​ក៏ត្រូវ​បានផ្ដល់​កិត្តិយស​ជា​ស្ត្រី​គំរូ​សម្រាប់​កម្មវិធី​ប្រកួត​ជ្រើសរើស​លោកស្រី​ឯក​ពិភពលោក​កម្ពុជា​។ ម្យ៉ាងទៀត លោកស្រី ចាក​ឃ្លី​ន ក៏​ជា​អតីត​ម្ចាស់​ជ័យលាភី​លោកស្រី​ឯក​កាលីហ្វ័រ​ញ៉ា ឆ្នាំ​២០១៥-២០១៦ ផងដែរ​។​

​លោកស្រី ចាក​ឃ្លី​ន មាន​សញ្ជាតិ​ដើម​កម្ពុជា ប៉ុន្តែ​លោកស្រី​មានគ្រួសារ​និង​រស់នៅ​សហរដ្ឋអាមេរិក​។ ទោះបី​ទទួលបាន​សញ្ជាតិ​អាមេរិក​ក៏ដោយ លោកស្រី​នៅតែ​ស្រលាញ់​ប្រទេស​កម្ពុជា​ដែរ ម្យ៉ាង​លោកស្រី​ក៏បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ជ្រើសរើស​លោកស្រី​ឯក​ពិភពលោក​ទៀតផង​នោះ ក៏​ឆ្លៀត​យក​ឱកាស​ជួយ​ចូលរួម​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា ពិសេស​វិស័យ​វប្បធម៌ អរិយធម៌ វិស័យ​ទេសចរណ៍ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​ជាដើម​។​

​ឯកឧត្តម ថោង ខុន បាន​កោតសរសើរ​ចំពោះ​លោកស្រី ចាក​ឃ្លី​ន ដោយ​បញ្ជាក់ថា កិច្ចការ​នេះ​ពិតជា​បាន​លើកកម្ពស់​កិត្យានុភាព​ជាតិ​យ៉ាងសំខាន់ ពិសេស​កម្មវិធី ក៏ដូចជា​សកម្មភាពរ​បស់​លោកស្រី​នឹង​ជួយ​ផ្សព្វផ្សាយ​អំពី​វប្បធម៌ អរិយធម៌​ខ្មែរ ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ និង​ជួយ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍ គោលដៅ​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​។​

​លោក ម៉ែន សីហា ស្ថាបនិក​រង​នៃ​កម្មវិធី​ប្រកួត​ជ្រើសរើស​លោកស្រី​ឯក​ពិភពលោក​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា កម្មវិធី​ប្រកួត​ជ្រើសរើស​លោកស្រី​ឯក​ពិភពលោក​កម្ពុជា​បាន​ឈានដល់​វគ្គ​ជម្រុះ​៥​នាក់ (Top 5) ហើយ និង​ត្រៀម​បន្តទៅ​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​អំលុង​ខែតុលា ឆ្នាំ​២០២២​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close