កម្មករធ្វើផ្លូវជុំវិញផ្សារចាស់ ស្នើសុំអន្តរាគមន៍​ក្រោយ​មេកា​អត់បើកលុយឲ្យ​

ក្រុមកម្មករធ្វើផ្លូវ៥ខ្សែ នៅជុំវិញផ្សារចាស់ ក្នុងចំណោមគម្រោង សាងសង់ ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប បាននាំគ្នាតវ៉ាកាលពីថ្ងៃទី១២ កុម្ភៈ ក្រោយ​ពីមេការរបស់ពួកគេ ឈ្មោះ សេង ពេជ្រ មិន​បានបើក​ប្រាក់​ឲ្យ​ពួកគេ​អស់រយៈពេលជាច្រើនខែមកហើយ។

បើតាមការលើកឡើងរបស់ក្រុមកម្មករថា ពួកគេមានគ្នាជិត៣០នាក់ ទទួលបន្ទុកធ្វើផ្លូវ៥ខ្សែ នៅជុំវិញផ្សារចាស់ ក្នុងភូមិមណ្ឌុល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប, កន្លងមកឈ្មោះ សេង ពេជ្រ ជាមេការ មិនដែលបើកប្រាក់ខែឲ្យ​ពួកគេ​នោះ។ ប៉ុន្តែមេការរូបនេះតែងអោយកម្មករខ្ចីលុយ ដោយអ្នកខ្លះខ្ចីបាន៤០មុឺនរៀល ៦០មុឺន ១លានរៀល តាមតែចិត្តដែលគេឲ្យ​ខ្ចី។ ប៉ុន្តែឥលូវនេះផ្លូវត្រូវធ្វើរួចរាល់ហើយ ប៉ុន្តែឈ្មោះ សេង ពេជ្រ មិនបើកលុយឲ្យ​ពួកគេ​នោះ​ទេ ដោយថា ខាងក្រុមហ៊ុន មិនទម្លាក់លុយឲ្យ​។

នៅ​ក្នុង​ខែកុម្ភៈនេះដែរ ក្រុមកម្មករក៏​បាន​ទៅ​សួរនាំក្រុមហ៊ុនដោយ​សុំបើកប្រាក់ខែ តែខាងក្រុមហ៊ុនឆ្លើយថា ខាងក្រុមហ៊ុនបានទម្លាក់លុយអោយលោក សេង ពេជ្រ អស់ហើយ។

ក្រុមកម្មករទាំងនោះ​បានបញ្ជាក់ថា ពួកគេខ្លះ​បានបាត់ប្រាក់ខែ ៣ខែ ខ្លះ៥ខែ ហើយ ដោយ​ក្នុង១ខែចន្លោះពី៣០០$ ទៅ៥០០$។

ចំពោះករណីនេះ យើង​មិន​អាច​ស្វែង​រក​ការ​បំភ្លឺពី​ឈ្មោះ សេង ពេជ្រ មេកាសាងសង់ផ្លូវ​ដែលរងការចោទប្រកាន់នោះ​បាន​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់ថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប បានបញ្ចប់ការ​ស្ថាបនាជាស្ថាពរតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ និងគ្រោងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះ។

គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ ២១៦ ៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close