មន្ត្រីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅតែបន្តចុះប្រចាំការ និងត្រួតពិនិត្យផលិតផលម្ហូបអាហារ នៅផ្សារជម្ពូវ័ន

(រាជធានីភ្នំពេញ)៖ ថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានបន្តចុះអង្កេត និងត្រួតពិនិត្យ ម្ហូបអាហារនៅផ្សារជម្ពូវ័ន ក្នុងគោលបំណង ស្រាវជ្រាវ និងទប់ស្កាត់នូវទំនិញខូចគុណភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ក្នុងសកម្មភាពនៃការចុះប្រចាំការ និងត្រួតពិនិត្យទំនិញនេះ មន្រ្តីជំនាញបានដកយកគំរូចំនួន ០៥ គំរូ មកធ្វើតេស្តបឋម ក្នុងនោះរួមមាន៖ លត ប្រហុកសាច់ ផ្អក មឹក និងបង្គាក្លាសេ។

ជាលទ្ធផល មន្រ្តីបច្ចេកទេសពុំបានរកឃើញវត្តមានសារធាតុគីមីនៅក្នុងម្ហូបអាហារទាំងនោះទេ។ មន្រ្តីសាខាកាំកុងត្រូលក៏បានធ្វើការពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពី សុវត្ថិភាពចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ដល់អាជីវករផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close