សម្ដេច​តេ​ជោ សម្រេច​លើក​ពេល​ជួប​សិស្ស​និទ្ទេស A

​ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​បានប្រកាស​ពី​ការសម្រេចចិត្ត​លើក​ពេល នៃ​ការជួបជុំ​ជាមួយ​សិស្ស​និទ្ទេស​អេ​( A) ដែល​គ្រោង​នឹងធ្វើ នៅ​ថ្ងៃទី​២៨ កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​ន ទៅ​ពេល​ក្រោយ​វិញ ។​ការលើក​ពេលនេះ​ដោយសារ​កូ​វីដ​-១៩ មេរោគ​បំប្លែង​ថ្មី​ឈ្មោះថា អូ​មី​ក្រុង បាន​នឹង​កំពុង​រីក​រាលដាល​នៅ​ទីក្រុង​ភ្នំពេញ​។​ ​សម្ដេច​តេ​ជោ​បានប្រកាស​បែបនេះ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា “​ដោយសារ កូ​វីដ​-១៩ មេរោគ​បំប្លែង​ថ្មី​ឈ្មោះថា អូ​មី​ក្រុង​បាន​នឹង កំពុង​រីក រាលដាល នៅ​ទីក្រុង​ភ្នំពេញ​។ ដើម្បី​សុវត្ថិភាព សម្រាប់​ចៅៗ សិស្ស​និទ្ទេស​អេ​( A) និង​អ្នកចូលរួម ខ្ញុំ​សម្រេចចិត្ត​លើក​ពេល នៃ​ការជួបជុំ​ជាមួយ​សិស្ស​និទ្ទេស A ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​២៨ កុម្ភ​: ឆ្នាំ​២០២២ ទៅ​ពេល​ក្រោយ​វិញ​”​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា រក្សា​ជីវិត និង​សុខភាព គឺ​កិច្ចការ​ចម្បង​របស់​យើងទាំងអស់គ្នា​នាពេលនេះ​។ រក្សាបាន​ជីវិត និង​មាន​សុខភាព​ល្អ មិន​ខ្វះ​ទេ​ពេលវេលា​នៃ​ការជួបជុំ​។​សម្ដេច សង្ឃឹមថា ចៅៗ និង​ក្រុមគ្រួសារ​នឹងមាន ការយោគយល់​នូវ ការ លំបាក​នេះ ។​

​សូម​រំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ កន្លងទៅ​នៅក្នុង​ពិធី សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ​៧​ប្រវែង​សរុប ៩៣,៥៦​គីឡូម៉ែត្រ ពី​រង្វង់​មូល​ខ្លា​ស្ទុះ ស្ថិតក្នុង​ភូមិ​កា​ប៉ូ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ទៅ​ភូមិ​រមាត ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​យក​ថ្ងៃទី​២៨ ខែ​កម្ភៈ ដើម្បី​ជួប​សំណេះ សំ​ណា​ល ជាមួយ​សិស្ស ដែល​ប្រលង​ជាប់​និទ្ទេស A ជាង​មួយ​ពាន់ នាក់​។ សម្ដេច​បានលើកឡើង​ដូច្នេះ​ថា ដំបូង​សម្ដេច ចង់​រៀបចំ​ឱ្យ មាន​ជំនួប​ជាមួយ​សិស្ស​និទ្ទេស A ដោយផ្ទាល់​ត្រឹមតែ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​ទេ ហើយ​សម្រាប់​ខេត្ត​ផ្សេងៗ និង​ជួប​តាម អន​ឡាញ តែដោយសារ​ឆ្នាំនេះ មាន​សិស្ស​និទ្ទេស A ច្រើនជាង ឆ្នាំមុនៗ រហូតដល់​ជាង ១.៧០០​នាក់ ដូចនេះ​សម្ដេច បាន អនុញ្ញាតឱ្យ​សិស្ស​និទ្ទេស A ទាំង​ជាង ១.៧០០​នាក់ ចូល ជួប​សម្ដេច​នៅ​ភ្នំពេញ​ទាំងអស់គ្នា​តែម្ដង នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ដោយ​ខាង​ខេត្ត​ត្រូវ​រៀបចំ​ទាំង​ការធ្វើដំណើរ និង​ការ​ស្នាក់នៅ របស់​សិស្ស និង​អាណាព្យាបាល​សិស្ស ។​

​គួររំលឹកថា​នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​នេះ​ក្រសួងសុខាភិបាល​បានចេញ​សេចក្តី​ជូន​ព័ត៌មាន ស្តីពី​ការសរុប​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រះរាជា ណា​ចក្រ​កម្ពុជា​សម្រាប់​ថ្ងៃទី​១៣ ខែកុម្ភៈ​ថា មាន​ករណី​ឆ្លង​ថ្មី ៥១២​នាក់ (​លទ្ធផល​បញ្ជា​ក់ដោយ PCR) ករណី​ជា សះស្បើយ ១៥៦​នាក់ តែ​មិនមាន​ករណី​ស្លាប់​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close