រថយន្តធំ ២គ្រឿង ព្រលះគ្នាពេញទំហឹង ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅលើផ្លូវជាតិលេខ៤
ខេត្តព្រះសីហនុ៖ រថយន្តធំចំនួន ២គ្រឿង បានព្រលះគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីព្រលប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៤ ក្នុងភូមិបឹងត្រាច ឃុំចំការ ហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងវាងរថយន្តដឹកប្រេង លឹម ឡុង ម៉ាកINTERNATIONAL ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3C-8353 បើកទិសដៅពីភ្នំពេញ-ខេត្តព្រះសីហនុ លុះមកដល់កន្លែងកើតហេតុ ក៏បុកយ៉ាងពេញទំហឹងជាមួយរថយន្តធំ ១គ្រឿងទៀត បើកបរទិសដៅផ្ទុយគ្នា ជារថយន្តដឹកទំនិញ ម៉ាកFUSO សណ្តោងរ៉ឺម៉កពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3F-9367 បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសតែម្តង។
ជនរងគ្រោះដែលស្លាប់ ឈ្មោះ មិន សុភា ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើកបររថយន្ត INTERNATIONAL មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូលរាជធានីភ្នំពេញ និងអ្នករងបួសធ្ងន់ ជាអ្នករួមដំណើរ ឈ្មោះ ចាន់ សៀងហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរព្រូឡាន មានទីលំនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកលំពង់សីលា ខេត្តព្រះសីហនុ។ រីឯអ្នកបើបររថយន្ត FUSO បានរត់គេចខ្លួន។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះអន្តរាគមន៍សម្រួលចរាចរណ៍ និងបានបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ និងបន្តដោះស្រាយតាមនិតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។