សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ស្ពាន​៧​កន្លែង​ក្នុង​ខេត្តក្រចេះ និង​ព្រៃវែង

​នៅ​ព្រឹក​ថ្ងៃ​ពុធ ១៥​កើត ខែមាឃ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៉ី​រុ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​៧​កន្លែង ស្ថិតនៅក្នុង​ខេត្តក្រចេះ និង​ព្រៃវែង ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន តម្លៃ​ប្រមាណ ៣៥​លាន​ដុល្លារ​អាមេរិក​។​

​សូមជម្រាបថា ស្ពាន​ទាំង ៧​កន្លែង​នេះ គឺជា​គម្រោង​សាងសង់​ស្ពាន​ឡើងវិញ​បន្ទាន់​នៅ​តំបន់​ទាំងនោះ​ដែល​ប្រឈម​នឹង​ទឹកជំនន់ ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​ខេត្តក្រចេះ និង​ខេត្តព្រៃវែង ដែល​ស្ពាន​ទាំងអស់​មាន​ប្រវែង​សរុប ៦៧០​ម៉ែត្រ និង​ផ្លូវ​ត​ភ្ជាប់​ស្ពាន​មាន​ប្រវែង​សរុប ៣,៤២៤​ម៉ែត្រ​។​

​ស្ពាន​ដែល​បាន​សាងសង់​នេះ រួមមាន​៖
– ស្ពាន​ចំនួន​៥​កន្លែង ស្ថិតនៅក្នុង​ខេត្តក្រចេះ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៣ រួមមាន​៖ ស្ពាន​ព្រែក​សណ្តាន់ ប្រវែង ៣៥​ម៉ែត្រ​, ស្ពាន​ព្រែក​ឬ​ស្សី ប្រវែង ៦២​ម៉ែត្រ​, ស្ពាន​អន្លង់​ឃ្លេ ប្រវែង ៤៨​ម៉ែត្រ​, ស្ពាន​ព្រែក​ឆ្លូង ប្រវែង ១៤០​ម៉ែត្រ​, និង​ស្ពាន​ពាម​ទេរ​ប្រវែង ១៧៥​ម៉ែត្រ​។
– ស្ពាន​ចំនួន​២​កន្លែង ស្ថិតនៅក្នុង​ខេត្តព្រៃវែង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១ រួមមាន​៖ ស្ពាន​បា​បោង​លេខ​១ ប្រវែង ១០៥​ម៉ែត្រ និង​ស្ពាន​បា​បោង​លេខ​២ ប្រវែង ១០៥​ម៉ែត្រ​។​

​គម្រោង​ខាងលើនេះ បាន​ស្ថាបនា​ច្រាំង​ការពារ​ការហូរ​ច្រោះ​ទឹកជំនន់ និង​ត្រូវបាន​ស្ថាបនា​ជា​ប្រភេទ​ស្ពានបេតុង​ក្រាល​កៅស៊ូ AC កម្រាស់ ១០​សង់ទីម៉ែត្រ​។ គម្រោង​សាងសង់​ស្ពាន​ទាំង ៧​កន្លែង​នេះ គឺជា​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។

​សមិទ្ធផល​ថ្មី​នេះ គឺជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​មិនអាច​កាត់ថ្លៃ​បាន ដែល​កើតចេញពី​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្តក្រចេះ ខេត្តព្រៃវែង ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ទូទៅ និង​យូរអង្វែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close