សម្តេចតេជោអនុញ្ញាតឲ្យសិស្សជាប់និទ្ទេស A ចូលជួបនៅថ្ងៃទី៨ វិច្ឆិកា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យសិស្ស ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន៤០៨នាក់ ចូលជួបសំដែងការគួរសម នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជននិងកីឡា បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតិឲ្យបេក្ខជននិទ្ទេស A សម្រាប់សម័យប្រឡង ២០ សីហា ឆ្នាំ២០១៨ ចូលជួបសំដែងការគួរសម នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។
ក្រសួងបានបញ្ជាក់ទៀតថា ចំពោះឪពុកម្តាយរបស់បេក្ខជននិទ្ទេស A ក៏អាចមកចូលរួមជាមួយកូនរបស់ខ្លួនបានផងដែរ។
សូមជម្រាបថា ការប្រឡងសញ្ញាបត្របាក់ឌុប ឆ្នាំ២០១៨នេះ អ្នកប្រឡងជាប់ ៧ម៉ឺន៦ពាន់៣៤នាក់ ស្មើនឹង៦៧.០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២ពាន់២២២នាក់ និទ្ទេស C ចំនួន ៦ពាន់៤១នាក់ និទ្ទេស D ចំនួន ១ម៉ឺន៥ពាន់១៨០នាក់ និងនិទ្ទេស E ចំនួន ៥ម៉ឺន២១៨៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។