លោកជំទាវ ឱ វណ្ណឌី​ន បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​គ្រប់រូប អនុវត្ត​បន្ត​នូវ​វិធានការ ៣​ការពារ និង​៣​កុំ ជាពិសេស​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩!

​ភ្នំពេញ​៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានធ្វើការ​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត វិធានការ​ក៏បាន​ដាក់ចេញ​ជា​ហូរហែរ​ច្រើ​ន​រួច​ហើ​យ​ដែរ នៅឡើយ​តែ​ការចូលរួម​អនុវត្ត​ពី​បុគ្គល​គ្រប់រូប​នៅពេលនេះ ដោយ​សូមឱ្យ​ចូលរួម​អនុវត្ត​បន្ត​នូវ​វិធានការ ៣​ការពារ និង​៣​កុំ រួមជាមួយ និង​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជាពិសេស​ដូ​ស​ទី​៣ ឫ​ដូ​ស​ជំរុញ​នេះ​ជា​វិធាន​ការល្អ​អាចជួយ​បុគ្គល​គ្រប់រូប​ពី​ការ​វ៉ៃ​លុក​នៃ​អូ​មី​ក្រុង​ធ្ងន់ធ្ងរ និង​ជួយ​អាយុជីវិត​លោកអ្នក​បាន​។​

​លោកជំទាវ​វេជ្ជបណ្ឌិត បន្តថា នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​លើ​សាកលលោក និង​ក្នុង​តំបន់ មាន​រកឃើញ​ករណី​ឆ្លង​អូ​មី​ក្រុង​ជា​រៀងរាល់ថ្ងៃ ក្នុងនោះ​ក៏មាន​កម្ពុជា​យើង​ដែរ​ហើយ​ករណី​ស្លាប់​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​នោះ ក៏​កើតមាន​រួចហើយ​ដែរ នៅលើ​អ្នក​ដែលមាន​ជំងឺ​ប្រចាំកាយ និង​អ្នក​ដែល​មិនបាន​ចាក់​វ៉ាក់សាំង ឫ​ចាក់​មិន​គ្រ​ប់ដូ​ស​។ ដូច្នេះ មិនត្រូវ​មើលស្រាល​លើ​លទ្ធភាព​វ៉ៃ​លុក​នៃ​វីរុស​អូ​មី​ក្រុង នាពេលនេះ​ឱ្យសោះ​។​

​ជាមួយ​នោះ អូ​មី​ក្រុង​បាននិងកំពុង​ឆ្លង​នៅក្នុង​សហគមន៍​យើង​ហើយ​ណា ជាពិសេស​កន្លែង​ដែលមាន​មនុស្សម្នា​ច្រើន​កុះករ កន្លែង​បិទ​ជិតៗ គ្មាន​ខ្យល់​ចេញចូល​ប្រើតែ​ម៉ាស៊ីនត្រជាក់ និង​កន្លែង​ជួបជុំគ្នា​ច្រើនពេក ខ្វះ​ការអនុវត្តន៍​វិធានការ ៣​ការពារ និង​៣​កុំ ហើយ​ឱ្យតែ​យើង​ធ្វេសប្រហែស លទ្ធភាព​នៃ​ការឆ្លង គឺមាន​ខ្ពស់​ហើយ​។

​លោកជំទាវ សូម​ធ្វើការ​អំពាវនាវ​សារជាថ្មី យើង​ត្រូវ​រួមគ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ពី​ពេលនេះ​តទៅ ដោយ​ត្រូវ​បន្ត​អនុវត្ត​៖
. នាំ​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឱ្យបាន​គ្រប់គ្នា គ្រប់​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ ឥឡូវនេះ កុំបី​អាក់ខាន​ឱ្យសោះ​ឡើយ​។​
. យកចិត្តទុកដាក់ បន្ត​អនុវត្តន៍​វិធានការ ៣​ការពារ (​ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ លាង​សម្អាត​ដៃ​ញឹកញាប់ រក្សា​គម្លាត​សុវត្ថិភាព​ពីមួយ​ម៉ែត​កន្លះ​ឡើង​) និង ៣​កុំ ដោយ​កុំ​បង្កឱ្យមាន​ការជួប​ជុំគ្នា ក្នុង​ចំនួន​កើនឡើង​ច្រើនពេក ដែលជា​ហានិភ័យ​ខ្ពស់​ណាស់ ក្នុងដំណាក់កាល​រាតត្បាត​អូ​មី​ក្រុង​នេះ ហើយ​កុំ​អង្គុយ​ជិតៗ​គ្នា​ពេក ចាំបាច់​ត្រូវអនុវត្ត​គម្លាត​សុវត្ថិភាព​បុគ្គល តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន និង​កុំទៅ​កន្លែង​មនុស្ស​ច្រើន​កុះករ កន្លែង​បិទ​ជិតៗ កុំ​ជួបជុំ​គ្នាច្រើន​ជាដើម​។​
. បើ​មានការ​សង្ស័យ​៖ សុំ​ធ្វើតេស្ត​រហ័ស​ដោយ​ខ្លួនឯង បើ​វិជ្ជមាន​កូ​វីដ​-១៩ សុំ​នៅ​ដាច់ដោយឡែក អនុវត្តន៍​ការព្យាបាល​និង​ថែទាំ​នៅតាម​ផ្ទះ​ឱ្យបាន​ហ្មត់ចត់ ចៀសវាង​ចម្លង​បន្តទៅ​សមាជិកគ្រួសារ​នៅ​ក្នុងផ្ទះ​របស់ខ្លួន ដោយ​អនុវត្តន៍​តាម​គោលការណ៍​ណែនាំ​ប្រ​ត្តិ​ប​ត្តិ​សម្រាប់​ការព្យាបាល​និង​ថែទាំ​តាម​ផ្ទះ ដែល​ក្រសួងសុខាភិបាល​បានចេញ​ផ្សាយ​រួចហើយ ឱ្យបាន​ត្រឹមត្រូវ​។​
. ចូលរួម​ផ្សព្វផ្សាយ​នូវ​វិធានការ​ការពារ​ខាងលើ ដល់​ក្រុមគ្រួសារ និង​សហគមន៍​របស់​យើង ដើម្បី​រួមគ្នា​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ អូ​មី​ក្រុង​នេះ កុំឱ្យ​រាតត្បាត​ធំធេង​ឱ្យសោះ ពី​ពេលនេះ​តទៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close