មិនអាចបំបែកក្រុមបាតុករបាន ស្នងការប៉ូលិសទីក្រុង អូតាវ៉ាលាលែងពីតំណែង
ស្នងការប៉ូលិសរដ្ឋធានី Ottawa ប្រទេសកាណាដា បានប្រកាសលាលែងចេញពីតំណែង ក្រោយ រងការរិះគន់យ៉ាងខ្លាំង ដោយមិនអាចបំបែកហ្វូងបាតុករ រថយន្ត ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។
ស្នងការប៉ូលិស អូតាវ៉ា លោក Peter Sloly នៅថ្ងៃទី ១៥ខែកុម្ភៈ បានប្រកាសថា «ចាប់តាំងពី បាតុកម្មកើតឡើង ខ្ញុំបានធ្វើគ្រប់យ៉ាង ដើម្បីរក្សាទីក្រុងអូតាវ៉ា មាសុវត្ថិភាព និងបញ្ចប់វិវាទ ដោយការធ្វើបាតុកម្មមិនធ្លាប់មានពីមុនមក»។
ស្នងការប៉ូលិសទីក្រុងអូតាវ៉ា លោក Peter Sloly ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជនដោយសារតែ មិនអាចបំបែកក្រុមបាតុកម្មនៅរដ្ឋធានីអូតាវ៉ា ប្រឆាំងនិងកតព្វកិច្ចវ៉ាក់សាំង។ ក្រុមបាតុករ «ក្បួនរថយន្តសេរី» បានបិទផ្លូវសំខាន់ៗ នៅក្នុងទីក្រុង ។ ពលរដ្ឋបានចាត់ទុកថានេះជាសកម្មភាព ដណ្តើមគ្រប់គ្រងទីក្រុងទាំងមូល។ ពលរដ្ឋចាត់ទុកសកម្មភាពធ្វើបាតុកម្មគឺជាការគំរាមកំហែងដល់ការរស់នៅរបស់ពលរដ្ឋ ដោយក្រុមបារុកររថយន្ត បានស៊ីកាប្លេ បាញ់កាំជ្រួចពេញមួយយប់ ។ មនុស្សជាច្រើនបានចោទសួរថា ហេតុអ្វីបានជាកម្លាំង ប៉ូលិស មិនបំបែកហ្វូងបាតុកររថយន្ត។
កាលពីដើមសប្តាហ៍កន្លងមក នាយករដ្ឋមន្ត្រី Justin Trudeau បានអនុវត្តច្បាប់គ្រាមានអាសន្នដើម្បីបញ្ជូនកម្លាំងទាហានទៅជួយបំបែកក្រុមបាតុករ រថយន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។