រុស្ស៊ី មិនចង់ឲ្យផ្ទុះសង្គ្រាមជាមួយអ៊ុយក្រែនឡើយ
ប្រធានគណៈកម្មការសហភាពរុស្ស៊ី លោកស្រី Valentina Matviyenko បានបង្ហាញការជឿជាក់ថានឹងដោះស្រាយវិវាទដោយសន្តិភាព តាមរយៈកិច្ចការបរទេស និងនយោបាយ ។
សារព័ត៌មាន TASS នៅថ្ងៃទី១៦ខែកុម្ភៈ បានផ្សាយថា ប្រធានគណៈកម្មការសហភាពរុស្ស៊ី លោក ស្រី Valentina Matviyenko បានលើកឡើងថា« គោលជំហររបស់យើង ត្រូវបានប្រមុខដឹកនាំរុស្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នឹងធ្វើគ្រប់យ៉ាងដើម្បីបញ្ចៀសសង្គ្រាមជាមួយអ៊ុយក្រែន ។ ការគិតពីសង្គ្រាមគឺជារឿងមិនត្រឹមត្រូវឡើយចំពោះរុស្ស៊ី។
ជាមួយគ្នានេះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទីក្រុងម៉ូស្គូមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនៅក្នុងតំបន់អឺរ៉ុបឡើយ ប៉ុន្តែបានស្នើឱ្យ បញ្ហាទំនាក់ទំនងរវាងអ៊ុយក្រែន និង NATO គួរតែត្រូវបានដោះស្រាយជាបន្ទាន់។
ថ្លែងនៅឯសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃអង្គារសប្ដាហ៍នេះជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក្នុងទីក្រុងម៉ូស្គូ លោក ពូទីន បានឱ្យដឹងទៀតថារុស្ស៊ីទទួលបានការជូនដំណឹងពីមហាអំណាចលោកខាងលិចថាអ៊ុយក្រែន នឹងមិនចូលជាសមាជិក NATO ក្នុងពេល អនាគតដ៏ខ្លីនោះទេ។ តែទោះជាបែបនេះក្ដី លោកនៅតែព្រមានដដែលថានេះមិនមែនជាការធានាគួរឱ្យពេញចិត្តទេ។
លោក ពូទីន បានបញ្ជាក់ដូច្នេះថា «បើសួរថាតើយើងចង់ឱ្យសង្គ្រាមផ្ទុះឡើងក្នុងតំបន់ ឬក៏អត់? ច្បាស់ណាស់ យើងពិតជាមិនចង់ឃើញឡើយ ដូច្នេះ ហើយទើបយើងបានដាក់ការស្នើមួយចំនួនសម្រាប់កិច្ចចរចា ដែលគួរតែមានកិច្ចព្រមព្រៀងមួយធានាសន្តិសុខយ៉ាងស្មើភាពដល់អ្នកគ្រប់គ្នា ក្នុងនោះ រួមមានទាំងប្រទេសយើងផងដែរ»។
កាលពីថ្ងៃអង្គារសប្ដាហ៍នេះរុស្ស៊ី បានអះអាងថាខ្លួនបានដកកងទ័ពមួយចំនួនចេញពីតំបន់ក្បែរព្រំដែនអ៊ុយក្រែន ដែលនេះត្រូវបានគេ មើលឃើញថាជាសញ្ញានៃការបន្ធូរបន្ថយភាពតានតឹង។ ប៉ុន្តែទីក្រុងម៉ូស្គូ មិនបានបញ្ជាក់លម្អិតថាតើកងទ័ពចំនួនប៉ុន្មានត្រូវបានដក ហើយដកទៅទីណាឱ្យប្រាកដនៅឡើយទេ ខណៈរុស្ស៊ីត្រូវបានលោកខាងលិចចោទប្រកាន់ថាបានប្រមូលផ្ដុំកងទ័ពជាង ១៣,០០០០នាក់ នៅក្បែរតំបន់ព្រំដែន អ៊ុយក្រែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។