ក្រសួងទេសចរណ៍ បន្តបើកបណ្ដុះបណ្ដាលលើការរៀបចំ E-Menu នៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍
ក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលកម្ពុជា ៤.០ បានបន្តរៀបចំ
“វគ្គបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍” សម្រាប់មន្ត្រី បុគ្គលិកឯកជនក្នុងវិស័យទេសចរណ៍ និងសហគ្រិន/ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏ដូចជាភាគីពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
កាលពីពេលថ្មីៗនេះ មានការរៀបចំវគ្គបណ្ដុះបណ្ដាលលើមុខវិជ្ជា E-Menu សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ យកទៅអនុវត្ត ដើម្បីជាការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទអូមីក្រុង (Omicron) ដោយផ្ដោតលើការបង្កើតបញ្ជីរាយមុខម្ហូបនៅលើប្រព័ន្ធអនឡាញ ដើម្បីចូលរួមកាត់បន្ថយការកាន់បញ្ជីក្រដាសដោយដៃផ្ទាល់។
ក្រសួង បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាល ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទអូមីក្រុង (Omicron) នារយៈកាលចុងក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។