រថយន្តសេរីទំនើប បុកម៉ូតូរ៉ឺម៉កដឹកបន្លែ ពេញទំហឹង បណ្តាលឲ្យប្តីស្លាប់ រីឯប្រពន្ធ របួសធ្ងន់!
ភ្នំពេញ៖ យ៉ាងហោចណាស់បុរសម្នាក់ បានស្លាប់ និងម្នាក់ទៀត របួសធ្ងន់ ដែលជាប្តីប្រពន្ធ ក្រោយអ្នកទាំងពីរដឹកបន្លែយកទៅលក់នៅផ្សារ ត្រូវរថយន្តសេរីទំនើប បុកពេញទំហឹង នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឱ្យដឹងថា គេបានឃើញរថយន្តសេរីទំនើប ១គ្រឿង ម៉ាក Audi A7 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AZ-2550 បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងល្បឿនលឿន តាមបណ្តោយផ្លូវខាងលើ ពីកើតទៅលិច ដោយសង្ស័យស្រវឹងស្រា ហើយបានបុកប្តីប្រពន្ធទាំង ២នាក់ ដែលកំពុងជិះម៉ូតូរ៉ឺម៉កដឹកបន្លែ បណ្តាលឲ្យម្នាក់ ស្លាប់ និងម្នាក់ទៀត របួសតែម្តង។
ចំណែករថយន្ត បន្តល្បឿនឡើងខឿន បុកបង្គោលភ្លើងជាប់គាំងក្បែរដើមឈើមួយដើម មិនអាចបន្តដំណើរទៅមុខរួច។ជនរងគ្រោះឈ្មោះ ហ៊ុយ វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់) មានទីលំនៅ នៅខេត្តស្វាយរៀង។
ក្រោយពេលកើតហេតុ ម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍ ដើម្បីសាកសួរ និងរង់ចាំភាគីទាំងសងខាងធ្វើការដោះស្រាយនៅពេលក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។