គ្រឹះស្ថានអង្គរ ចាប់ផ្តើមលក់សំបុត្រជិះទូក ទស្សនាតំបន់បឹងទន្លេសាប នៅកំពង់ផែទេសចរណ៍ចុងឃ្នៀស
ខេត្តសៀមរាប៖ គ្រឹះស្ថានអង្គរ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការដាក់អនុវត្តលក់សំបុត្រជិះទូកទស្សនាតំបន់បឹងទន្លេសាបនៅកំពង់ផែទេសចរណ៍ចុងឃ្នៀស ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ដែលមានតម្លៃចំនួន ៧ដុល្លារ ក្នុងភ្ញៀវទេសចរមួយនាក់ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ។
សេចក្ដីជូនដំណឹង បានបញ្ជាក់ទៀតថា សម្រាប់ទូកតូចចំណុះ ៨នាក់ អាចចេញដំណើរបាន លុះត្រាណាមានអ្នកទិញសំបុត្រចាប់ពី៤ឡើងទៅ ខណៈទូកធំចំណុះ ៤៥នាក់ អាចចេញដំណើរបាន លុះត្រាណាមានអ្នកទិញសំបុត្រចាប់ពី៩ឡើងទៅ ។
សូមបញ្ជាក់ថា អនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានសេចក្តីជូនដំណឹងមួយលេខ ៣៩៦ សជណ.ហធ ដោយសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀសរបស់ក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ន ហើយរាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ ។
យន្តការក្នុងការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែចុងឃ្នៀសនេះ គឺគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រងអនាម័យបរិស្ថាន ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌនិងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនីនិងទឹក គ្រោងការចំណាយផ្សេងៗ និងការបង្កើតលេខាធិកាដ្ឋាន ដើម្បីជាសេនាធិការរបស់គណៈកម្មការចម្រុះ ដែលមានឯកឧត្ដមអភិបាលខេត្តជាប្រធាន ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។