ក្រោយករណីឆ្លងកូវីដ ១៩ កើនឡើងខ្ពស់ កោះហុងកុងនឹងធ្វើតេស្លើពលរដ្ឋទាំងអស់
ក្រោយទទួលបានបទបញ្ជារដ៏កម្រពីថ្នាក់ដឹកនាំនៅទីក្រុងប៉េកាំងស្តីពីស្ថានភាពកូវីដ ១៩ ដែលបានកើនឡើងខ្ពស់នៅកោះហុងកុង រដ្ឋាភិបាលនៅក្នុងតំបន់នេះបានឡើងគម្រោងធ្វើតេស្តទៅលើពលរដ្ឋទាំងអស់ ចាប់ពីដើមខែមីនា ដើម្បីទប់ស្កាត់ការឆ្លងយ៉ាងមានប្រសិទ្ធភាពបំផុត ។
ករណីឆ្លងកូវីដ ១៩ លើកទី៥នៅកោះហុងកុងកាន់តែកើនឡើងខ្ពស់ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានផ្សាយថា រដ្ឋាភីបាលកោះហុងកុងមានគម្រោងធ្វើតេស្តជាទ្រង់ទ្រាយធំ ដល់ពលរដ្ឋកោះហុងកុងទាំង ៧,៥លាននាក់ចាប់ពីដើមខែមីនា ដោយការធ្វើតេស្តមានដល់ទៅ៣លើក គឺលើកទីមួយធ្វើឲ្យអស់ក្នុងពេល១សប្តាហ៍ និងលើកទីពីរ ទីបី ក្នុងសប្តាហ៍បន្តបន្ទាប់ទៀត។ មានតែការធ្វើតេស្តពលរដ្ឋទាំងអស់ ទើបដឹងថាតំបន់អ្នកមានអ្នកឆ្លងច្រើន អាចកាត់ផ្តាច់ប្រភពចំឡងបានល្អ។
ក្នុងពេលដំបូង មានទីតាំង១០០ កន្លែងនឹងបើកធ្វើតេស្តរយៈពេល១៤ម៉ោង ក្នុងមួយថ្ងៃ ។ គោលដៅនៃការធ្វើតេស្តដើម្បីប្រមូលអ្នកវិជ្ជមានកូវីដ ១៩ ទៅដាក់មួយកន្លែង ដើម្បីបញ្ចៀសការបិទតំបន់ទាំងមូល។
តាមគម្រោង ការធ្វើតេស្តនៅហុងកុង គឺអាចធ្វើបាន ២សែននាក់ក្នុងមួយថ្ងៃ ហើយអាចកើនឡើង៣សែននាក់ ដើម្បីសម្រេចគោលដៅធ្វើតេស្តដល់ពលរដ្ឋទាំងអស់នៅលើកោះនេះ។ ការធ្វើតេស្តលើកនេះគឺជាកត្វកិច្ច ហើយអ្នកដែលមិនចូលធ្វើតេស្តនឹងរងការពិន័យជាប្រាក់រហូតដល់ ១ម៉ឺនដុល្លារហុងកុង (ប្រមាណ១៣០០ដុល្លារអាមេរិក) ឬអាចត្រូវប៉ូលិសចាប់ឃុំខ្លួន។ ករណីឆ្លងកូវីដ ១៩ នៅកោះហុងកុងបានកើនឡើងដល់ទៅ៤២៨៥នាក់ ក្នុងថ្ងៃទី១៦ខែកុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។