ក្រសួងសុខាភិបាល ប្រកាស​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​វ៉ា​ក់ ដូ​ស​មូលដ្ឋាន ជូន​ដល់​កុមារ​អាយុ ៣​ឆ្នាំ ដល់​អាយុ​ក្រោម ៥​ឆ្នាំ ចាប់ពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២

ភ្នំពេញ​៖ យោងតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី តាមរយៈ​សារ​ពិសេស​ចេញ នៅ​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ​២០២២ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​..​ក​-១៩) នឹង​ផ្ដល់​ការចាក់​វ៉ាក់សាំង​កូដ​-១៩ ដូ​ស​មូលដ្ឋាន (​ដូ​ស​ទី​១ និង​ដូ​ស​ទី​២) ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ជូន​ដល់​កុមារ ដែលមាន​អាយុ​ចាប់ពី ៣​ឆ្នាំ ដល់​អាយុ​ក្រោម​៥​ឆ្នាំ ដែល​តម្លា​ត​រវាង​ដូ​ស​ទី​១ និង​ទី​២ គឺ​២៨​ថ្ងៃ​។​

​ចំពោះ​ឯកសារ​ត្រូវ​ភ្ជាប់​ជាមួយ​នៅពេល​ទៅ​ចាក់​វ៉ាក់សាំង​វីដ​-១៩ ដូ​ស​មូលដ្ឋាន (​ដូ​ស​ទី​១ និង​ជួស​ទី​២)៖ ចំពោះ​គ្រប់​កុមារ ដែលមាន​អាយុ​ចាប់ពី ៣​ឆ្នាំ ដល់​អាយុ​ក្រោម ៥​ឆ្នាំ ដែល​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​មួយចំនួន ដូចខាងក្រោម​៖
– សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ឬ​លិខិតឆ្លងដែន និង​ប័ណ្ណសំគាល់ខ្លួន​មន្ត្រីរាជការ ឬ​ប័ណ្ណ​សំគាល់​មន្ត្រី​ជាប់កិច្ចសន្យា របស់​ឪពុកម្តាយ (​ចំពោះ​កូនចៅ​មន្ត្រីរាជការ ថ្នាក់ជាតិ​)​។​

​ជាមួយគ្នា អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​រាជធានី​-​ខេត្ត និង​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត ត្រូវធ្វើ​សេចក្តី​ជូន​ព័ត៌មាន​ស្តីពី​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​កុមារ​ដែលមាន​អាយុ​៣​ឆ្នាំ ដល់​អាយុ​ក្រោម​៥​ឆ្នាំ ដោយ មានភ្ជាប់​ជាមួយ​នូវ​កាលបរិច្ឆេទ ពេលវេលា និង​ទីតាំង​ត្រូវ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ និង​ត្រូវ​ចាត់ចែង​រៀបចំ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ដល់​កុមារ ដែល​មកចាក់​វ៉ាក់សាំង​ទាំងអស់​ឱ្យមាន​ភាពរលូន និង​គ្រប់គ្រង​សណ្តាប់ធ្នាប់ ព្រមទាំង​អនុវត្ត​នូវ​វិធានការ​សុខាភិបាល ពាក់​ម៉ាស់ រក្សា​គម្លាត​សុវត្ថិភាព​ចាប់ពី​១,៥​ម៉ែត្រ​ឡើង លាងដៃ​ញឹកញាប់ ដើម្បី​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅតាម​ទីតាំង ចាក់​វ៉ាក់សាំង​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។

​ទន្ទឹមនឹង​នេះដែរ អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ សូម​ណែនាំ​ដល់​ក្រុមគ្រូពេទ្យ​នៅតាម​ទីតាំង​ចាក់​វ៉ាក់សាំង កូ​វីដ​-១៩ ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​សុខភាព​កុមារ ទាំង​មុន និង​ក្រោយ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឱ្យបាន​ត្រឹមត្រូវ​។​

​ក្រសួង បាន​បញ្ជាក់ថា ទោះបីជា​បុគ្គល​ម្នាក់ៗ បានទទួល​ការចាក់​វ៉ាក់សាំង​កូ​រីដ​-១៩ រួចរាល់​ហើយ​ក្តី ក៏ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ «​ពា​ការពារ​” និង “៣​កុំ​» តាម​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​បន្ត​រួមគ្នា​អនុវត្តតាម​យុទ្ធនាការ​ជាតិ​ក្រោម​ប្រធានបទ “​រួមគ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូដ​-១៩- ដើម្បី​ចូល រួម​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វឺ​ដ​-១៩ នៅក្នុង​សហគមន៍ នៃ​ប្រទេស​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close