ឥទ្ធិពល​ការ​របស់​ប្រធានាធិបតី​រុស្ស៊ី​កាន់តែ​កើនឡើង ក្រោយ​ប្រឈមមុខ​តានតឹង​ជាមួយ​អ៊ុយ​ក្រែ​ន​

​វិវាទ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កើតឡើង​ដោយ​ជនជាតិ​អ៊ុយ​ក្រែ​ន​ផ្ទាល់ ក្រោយពេល​ពលរដ្ឋ​នៅក្នុង​តំបន់​គ្រី​មៀ ទទួលបាន​ជោគជ័យ​ក្នុងការ​ផ្តាច់ខ្លួន ទៅ​ចូល​ជាមួយ​រុស្ស៊ី ធ្វើ​ឲ្យ​តំបន់ Donbass ដែលមាន​ពលរដ្ឋ​និយាយ​ភាសា​រុស្ស៊ី​ភាគច្រើន ក៏​កំពុង​ទាមទារ​ផ្តាច់ខ្លួន​ទៅ​ចូល​ជាមួយ​រុស្ស៊ី​ផងដែរ​។​

​វិវាទ​ទាំងនោះ​ហើយ​បានធ្វើ​ឲ្យ​សង្គ្រាម​វាយប្រហារ​កើតឡើង​រវាង កម្លាំង​ទាហាន​រដ្ឋាភិបាល និង​កម្លាំង​ប្រជាជន​នៅ​ទីក្រុង​Donbass ប្រទេស​អ៊ុយ​ក្រែ​ន ។ ថ្នាក់ដឹកនាំ​នៅ​ទីក្រុង​Donbass​បានស្នើ​ដល់​រុស្ស៊ី​ឲ្យ​ជួយ​ទប់ទល់​ជាមួយ​ទាហាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​។ ទាំងនោះ​ហើយ​បានធ្វើ​ឲ្យ​រុស្ស៊ី​បញ្ជូនទាហាន​ជាច្រើន​មកកាន់​តំបន់​ព្រំដែន​ជាប់​ប្រទេស​អ៊ុយ​ក្រែ​ន ។​

​ស្ថានភាព​ទាំងនោះ​ហើយ​បានធ្វើ​ឲ្យ​ប្រទេស​លោកខាងលិច បារម្ភ​ខ្លាច​រុស្ស៊ី​វាយប្រហារ​អ៊ុយ​ក្រែ​ន ធ្វើ​ឲ្យ​សន្តិសុខ​នៅក្នុង​តំបន់​កាន់តែ​អាក្រក់ ហើយ​បើ​សង្គ្រាម​កើតឡើង អាច​បង្ក​ឲ្យ​មាន​សង្គ្រាម​បរមាណូ កើតឡើង​។ ទាំងនោះ​ហើយ​បានជា​មេដឹកនាំ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ពិសេស​គឺ​ប្រមុខ​ដឹកនាំ​នៅក្នុង​តំបន់​អឺរ៉ុប ទៅ​ជួប​ដោយផ្ទាល់​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោកពូ​ទីន ក៏ដូចជា​ជួប​តាម​ទូរស័ព្ទ ក្នុង​គោលដៅ​បញ្ចៀស សង្គ្រាម​កើតឡើង​។ ទាំងនោះ​ហើយ​បានធ្វើ​ឲ្យ​ឥទ្ធិពល​របស់​ប្រធានាធិបតី​ពូ​ទីន កាន់តែ​កើតឡើង​នៅលើ​ពិភពលោក​។​

​ក្នុងពេល​នេះដែរ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida អាច​នឹង​ជួប​ពិភាក្សាគ្នា តាម​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​យប់​ថ្ងៃ​១៧​ខែកុម្ភៈ​នេះ​តែម្តង ដោយ​ប្រធានបទ​នៃ​កិច្ចសន្ទនា គឺ​ទាក់ទង​នឹង​ភាព​តានតឹង​នៅ​អ៊ុយ​ក្រែ​ន​។​

​កាលពី​ថ្ងៃ​១៦​ខែកុម្ភៈ សហរដ្ឋអាមេរិក​និង​សម្ពន្ធមិត្ត​លោកខាងលិច បាន​អះអាងថា ប្រទេស​រុ​ស្ស៉ី​នៅតែ​កំពុង​ប្រមូលផ្តុំ​កម្លាំងយោធា​ដដែល នៅក្បែរ​ព្រំប្រទល់​ប្រទេស​អ៊ុយ​ក្រែ​ន បើទោះបីជា​ទីក្រុង​ម៉ូស្គូ​បានប្រកាសថា កងទ័ព​និង​សព្វាវុធ ដែល​ដាក់ពង្រាយ​សម្រាប់​សមយុទ្ធ​យោធា ត្រូវបាន​ចល័ត​ចូល​បន្ទាយ​វិញ​ក៏ដោយ​។​

​ជុំវិញ​ភាព​តានតឹង​រវាង​អ៊ុយ​ក្រែ​ន​និង​រុ​ស្ស៉ី រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Yoshimasa Hayashi បាន​ថ្លែងថា ជប៉ុន​កំពុង​ខិតខំ​ព្យាយាម​ជំរុញឱ្យមាន ដំណោះស្រាយ​ដោយ​សន្តិវិធី​តាមរយៈ​កិច្ចសន្ទនា ប៉ុន្តែ​ទីក្រុង​តូ​ក្យូ​អាច​នឹង​ចាត់វិធានការ​ប្រឆាំង​លើ​រុ​ស្ស៉ី ប្រសិនបើ​មានការ​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន ក្នុងនោះ​រួមមាន​ទាំង​ការដាក់ទណ្ឌកម្ម​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close