ក្រសួងសុខាភិបាល ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬជួសជំរុញ ជូនដល់កុមារអាយុ ៦ឆ្នាំ ដល់អាយុក្រោម ១២ឆាំ្ន និងកុមារអាយុ ៥ឆាំ្ន
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)បានជូនដំណឹងថា គ.វ.ក-១៩ នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារ ដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ និងកុមារដែលមានអាយុ ៥ឆ្នាំ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ រួចរាល់ ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២។
ការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៣ ឬជួសជំរុញ ជូនដល់កូនចៅមន្ត្រីរាជការថ្នាក់ជាតិ កូនចៅមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ថ្នាក់ជាតិ កូនចៅមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី និងបុគ្គលិក ស្ថានទូតនានា មន្ត្រី និងបុគ្គលិក អង្គការជាតិ-អន្តរជាតិ អ្នកឧកញ៉ា លោកឧកញ៉ា និងឧកញ៉ា អាចអញ្ជើញទៅ ទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដួសជំរុញ នៅតាមបណ្តាមន្ទីរពេទ្យជាតិទាំង៦ ដូចជាមន្ទីរពេទ្យ កាល់ម៉ែត – មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។
ចំពោះគ្រប់កុមារ ដែលមានអាយុចាប់ពី៥ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ដែលត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬ ដូសជំរុញ ត្រូវភ្ជាប់មកជាមួយនូវ ឯកសារមួយចំនួនដូចខាងក្រោម៖ ប័ណ្ណ (កាត) ចាក់វ៉ាក់សាំងកូវីដ-១៩ ឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងប័ណ្ណសំគាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសំគាល់មន្ត្រីជាប់កិច្ចសន្យា របស់ឪពុកម្ដាយ (ចំពោះកូនចៅមន្ត្រីរាជការ ថ្នាក់ជាតិ)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។