គម្រោង​ថ្មី​ចំនួន​៦​ទៀត ត្រូវបាន​អនុម័ត​ឲ្យ​ដំណើរការ​នៅ​កម្ពុជា ក្នុង​ទុន​ជិត ៦៧​លាន​ដុល្លារ​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ្មី​ចំនួន ៦​បន្ថែមទៀត បើក​ដំណើរការ ក្នុង​ទំហំ​ទឹកប្រាក់​ជិត ៦៧​លាន​ដុល្លារ​អាមេរិក និង​បានផ្តល់​ការងារ​ជិត ៦​ពាន់​កន្លែង​។​

​យោងតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- MEKO INTELLIGENT (CAMBODIA) CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​អំពូល​ភ្លើង គ្រឿង​អេឡិចត្រូនិក និង​គ្រឿងបន្លាស់​អេឡិចត្រូនិក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​វះ​ពោះ​ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៣២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៨២៨​កន្លែង​។​

២- KHALANDALE CO., LTD: គម្រោង​សាងសង់​ផ្សារ​ទំនើប ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូ​តិ៍​លេខ Mx04 (CBD6) បឹងកក់ ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ចំនួន ១០​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៦៨​កន្លែង​។​

៣- K (CAMBODIA) CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើងរថយន្ត អ៊ី​ស៊ូ​ហ្ស៊ុ (ISUZU) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៧,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៦៦​កន្លែង​។​

៤- B.E.C.I.S (CAMBODIA) CO., LTD:​គម្រោង​បង្កើត​រោងចក្រ​ផលិត​ចំហាយ​ទឹក និង​ខ្យល់​ក្តៅ​ផ្គត់ផ្គង់​ឱ្យ​រោងចក្រ​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ទុនវិនិយោគ​ប្រមាណ ៦,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨២​កន្លែង​។​

៥- CAMBODIAN PAW SHIELD CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​ម្ភា​រៈ​ប្រើប្រាស់​សត្វ​ចិញ្ចឹម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ #I-4A-12 ភូមិ​ព្រែក​សង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៥,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៩៥​កន្លែង​។​

៦- X.Y.H. (CAMBODIA) GARMENT CO., LTD: គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សន្តិភាព ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៥,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.៧៨៩​កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close