សហគមន៍ គឺជាដៃគូរដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហាប្លាស្ទិក នៅតាមតំបន់ឆ្នេរសមុទ្រ
ថ្លែងក្នុងពិធីសម្ពោធកម្មវិធីដំណោះស្រាយសហគមន៍ដើម្បីឆ្នេរសមុទ្រគ្មានប្លាស្ទិក ឯកឧត្តម គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សាឯកឧត្តមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជានាយកគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា មានប្រសាសន៍ថា ការផ្សព្វផ្សាយ និងលើកទឹកចិត្តតាមសហគមន៍ឱ្យពួកគាត់ផលិតសម្ភារជំនួសការប្រើប្រាស់ប្លាស្ទិក និងកែច្នៃប្លាស្ទិកប្រើប្រាស់ឡើងវិញជាផ្នែកមួយដ៏សំខាន់ នៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ពិធីសម្ពោធនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
ឯកឧត្តម គិត ច័ន្ទគ្រឹស្នា បានឱ្យដឹងទៀតថា រាជរដ្ឋាភិបាល និងក្រសួងបរិស្ថានបានរៀបចំក្របខ័ណ្ឌគោលនយោបាយ យុទ្ធសាស្ត្រ ព្រមទាំងច្បាប់ និងគតិយុទ្ធនានា ដេីម្បីគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន ប៉ុន្តែដៃគូរអនុវត្តន៍ និងប្រជាពលរដ្ឋយើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីកុំអោយបញ្ហាប្លាស្ទិកនេះបន្សល់ទុកដល់អ្នកជំនាន់ក្រោយៗ។
គួររម្លឹកថា ពិធីសម្ពោធកម្មវិធីដំណោះស្រាយសហគមន៍ដើម្បីឆ្នេរសមុទ្រគ្មាន
ប្លាស្ទិក ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឯកឧត្តម គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សាឯកឧត្តមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជានាយកគម្រោងការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជា និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្ត លោកស្រី Moeko Saito-Jensen អ្នកជំនាញគោលនយោបាយបរិស្ថានរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) លោក Barak Ekshtein នាយកប្រតិបតិ្ត TONTOTON លោក Kristin Hughes ប្រធាន Global Plastic Action Partnership (GPAP)។
តាមរយះគម្រោងផ្តួចផ្តើមនេះក្រុមហ៊ុន TonToTon ដែរ ជាក្រុមហ៊ុនលក់ឥណទានប្លាស្ទិក ដោយសហការជាមួយបងប្អូននៅសហគមន៍ក្នុងខេត្តព្រះសីហនុក្នុងការប្រមូលប្លាស្ទិកតាមតំបន់ឆ្នេរ ដើម្បីយកទៅដុតនៅក្រុមហ៊ុន Chip Mong Insee Cement ក្នុងខេត្តកំពត។ តាមរយះកម្មវិធីយើងរំពឹងថាអាចប្រមូលប្លាស្ទិកបានជាង 3000តោន ក្នុងដំណាច់ឆ្នាំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។