សំបុក​សត្វ​កុក​ពាក់​អំបោះ ញាស់​កូន​បាន​ចំនួន​ខ្ពស់បំផុត នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ នៅក្នុង​ឆ្នាំ​២០២១

​ក្រុមការងារ​ស្រាវជ្រាវ បានបង្ហាញ​ថា​បាន​រកឃើញ​សំបុក​សត្វ​កុក​ពាក់​អំបោះ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ មាន​ចំនួន ៨ សំបុក ត្រូវបាន​ញាស់​ដោយ​ជោគជ័យ និង​មានកូន​សរុប​ចំនួន ១៥​ក្បាល​។ ​លទ្ធផល​ស្រាវជ្រាវ​បាន​ផ្សព្វផ្សាយ​កាលពីពេល​ថ្មីៗ​នេះ ដោយ​អង្គការ Bird Life In Cambodia និង​បាន​បញ្ជាក់ថា​ក្នុង​ឆ្នាំ​២០២១ កូន​សត្វ​ដែល​ញាស់​បាន​ជោគជ័យ ជា​ចំនួន​ខ្ពស់បំផុត​បើ​ប្រៀបធៀប​នឹង​រដូវ​បន្ត​ពូជ​មុនៗ​។

​លទ្ធផល​ពង​កូន​សត្វ​កុក​ពាក់​អំបោះ នៅ​ដែនជម្រកសត្វព្រៃ​លំផាត់ ដែលមាន​ទីតាំង​ក្នុងភូមិ​សាស្ត្រ​ខេត្ត​រតនគីរី និង​មណ្ឌល​គី​រី រយះពេល​៥​ឆ្នាំ​ចុងក្រោយ ដោយ​ចាប់ផ្តើម​កត់ត្រា​សំបុក​របស់​កុក​ពាក់​អំបោះ​លើកដំបូង​នៅ​ឆ្នាំ ២០១៧ ហើយ​នៅពេល​នោះបាន​កត់ត្រា​បាន ៨ សំបុក និង​កូន​ញាស់​ជោគជ័យ​បានត្រឹមតែ ៥​ក្បាល​។​

​សូមបញ្ជាក់ថា កុក​ពាក់​អំបោះ​ត្រូវបាន​ចាត់​ចូលក្នុង​បញ្ជីរ​ក្រហម​ពិភពលោក IUCN ជា​ប្រភេទ​ជិត​រង​ការ​គម្រាមកំហែង ហើយ​ចំនួន​របស់​វា​នៅលើ​ពិភពលោក​កំពុងមាន​ការធ្លាក់ចុះ​។

​បក្សី​ប្រភេទ​នេះ​ត្រូវបាន​រកឃើញ​បន្ត​ពូជ​ជា​រៀងរាល់ឆ្នាំ​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​។ រដូវ​បន្ត​ពូជ​របស់​បក្សី គឺ​ចាប់បី​ខែ កក្កដា រហូតដល់​ខែធ្នូ ហើយ​ពួកវា​ចូលចិត្ត​ធ្វើ​សំបុក​លើ​ដើមឈើ​ធំៗ ដែល​ដុះ​នៅតាម​មាត់ទន្លេ ឬ​អូរ​។ នៅក្នុង​រដូវ​បន្ត​ពូជ​ឆ្នាំ ២០២១ នេះ សំបុក​សត្វ​កុក​ពាក់​អំបោះ​ចំនួន ៩ សំបុក​ត្រូវបាន​កត់ត្រា​បាន​នៅ​ដែនជម្រកសត្វព្រៃ​លំផាត់​ដោយ​ក្រុមការងារ​របស់​យើង​។

​សំបុក​សត្វ​ទាំងអស់​ត្រូវបាន​តាមដាន​ពី​ការ​វិវឌ្ឍន៍​របស់​វា និង​ការពារ​ពី​ការរំខាន​នានា​។ សត្វ​កុក​ពាក់​អំបោះ កំពុង​ត្រូវបាន​គំរាមកំហែង​ដោយ​កត្តា​មួយចំនួន​ដូចជា ការរំខាន​ពី​មនុស្ស ការ​បរបាញ់ និង​ការបាត់បង់​ទីជម្រក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close