ជនជាតិចិនបើកម៉ូតូជ្រុលធ្លាក់ចូលស្ទឹងសៀមរាប ឈ្លក់ទឹកស្លាប់ម្នាក់
កាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំនុចស្ទឹងសៀមរាប ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប មានករណីជនជាតិចិនម្នាក់បានលង់ទឹកស្លាប់ ក្រោយពីជិះម៉ូតូធ្លាក់ចូលស្ទឹងសៀមរាប។
ជនរងគ្រោះ ត្រូវបានបញ្ជាក់ថា មានឈ្មោះ JIA ZEMING ភេទប្រុស កើតថ្ងៃទី១៤-០១-១៩៩៥ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខEJ១៧៨៨៦៦៧ មុខរបរ អ្នកគ្រប់គ្រងទូទៅ ការដ្ឋានព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ស្នាក់នៅភូមិប្រវាល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
តាមការសាកសួរឈ្មោះ LI FUXI ភេទប្រុស កើតថ្ងៃទី១៥-០២-១៩៩១ ជនជាតិចិន ត្រូវជាមិត្តភ័ក្រ្តនិងជាអ្នករួមដំណើរបានអោយដឹងថា នាវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២១-០២-២០២២ ខ្លួននិងជនរងគ្រោះ បានធ្វើដំណើរចេញពីប៊ូទិកមួយកន្លែង(មិនចាំឈ្មោះ) នៅម្តុំខារ៉ាអូខេផ្លាទីនឹម ដោយជិះម៉ូតូមួយគ្រឿង ម៉ាកHonda Scoopy ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ១J៥៨១៤ ក្នុងគោលបំណងត្រឡប់ទៅការដ្ឋានវិញ តែពេលធ្វើដំណើរមកដល់ចំនុចកើតហេតុខាងលើ ជនរងគ្រោះក៍បានបើកម៉ូតូជ្រុលចង្កូតធ្លាក់ចូលក្នុងស្ទឹងសៀមរាប បណ្តាលអោយឈ្លក់ស្លាប់តែម្តង។
តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារឈ្លក់ទឹក។
បច្ចុប្បន្នសាកសពរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។