សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​

​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក មី​កា​មិ ម៉ាសា​ហ៉ី​រុ ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក លើ​ផ្ទៃដី​ទំហំ ៣​ហិកតា ស្ថិតនៅ​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​នេះ គ្រោង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រោម​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែលមាន​តម្លៃ​ប្រមាណ ២,៣៤០​លាន​យេន ស្មើនឹង​ជាង ២០​លាន​ដុល្លារ​អាមេរិក​។ គម្រោង​នេះ សាងសង់​ដោយ​ក្រុមហ៊ុនចម្រុះ គូ​បូ​តា​-​មេ​តា​វ៉​ត់​ធឺ ជ័ន វែ​ន​ឈួ​រ (Kubota-Metawater Joint Venture)​។

​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បឹង​ជើងឯក​មាន​សមត្ថភាព​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​បាន​ចំនួន ៥,០០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។ គម្រោង​នេះ នឹងត្រូវ​សាងសង់​ជា​សំណង់​បូម​បញ្ជូន​ទឹក​កខ្វក់ ទៅ​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក ដែលមាន​សមត្ថភាព​បូ​ម​បាន​សរុប​ចំនួន ២​គ្រឿង បាន ៤៦៨​ម៉ែត្រគូប​ក្នុង​មួយ​ម៉ោង​។

​នៅ​គម្រោង​នេះ មានការ​សាងសង់​ផ្លូវ​សម្រាប់​ថែទាំ​ប្រឡាយ ដែលមាន​ទទឹង​ផ្លួ​វ ១០​ម៉ែត្រ និង​មាន​បណ្តោយ​ផ្លូវ ១,៦៩០​ម៉ែត្រ ក្រាល​កៅស៊ូ AC ទំហំ​៧ ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​លេខ ២៧១ រហូតដល់​មហាវិថី អ្នកឧកញ៉ា​មហា​ភក្ដី​សប្បុរស​ភោ​គា​ធិបតី ហ៊ុន នាង​។
​ផ្លូវ​នេះ នឹង​ជីក​ដាក់​បំពង់​លូ​ដែក​បង្ហូរទឹក​កខ្វក់​ម​ក​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក ទំហំ​មុខកាត់ ០.៣ ម៉ែត្រ ប្រវែង​ប្រមាណ ១,៨៤០​ម៉ែត្រ ដើម្បី​បង្ហូរទឹក​កខ្វក់​ពី សំណង់​បូម​ប​ញ្ចូ​ន​ទឹក​កខ្វក់ ឆ្ពោះទៅ​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ជើងឯក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close