សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរួម​ចំណែក​យ៉ាងសំខាន់​លើ​ការងារ​សង្គម និង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ !

​ខេត្តសៀមរាប​៖ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កោតសរសើរ​ទឹកចិត្ត​របស់​ក្រុមការងារ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ​-១៩ ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​គ្រប់​កាល​:​ទេស​: ។​

​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណ​:​កម្ម​ការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មានប្រសាសន៍​លើកឡើង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សមាសភាព​គណ​:​ក​ម្មា​ធិ​ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និង​សំណេះសំណាល​ជាមួយ​គណ​:​ក​ម្មា​ធិ​ការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុង​រចនាសម្ព័ន្ធ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​២០ ខែកុម្ភ​: ឆ្នាំ​២០២២​កន្លងទៅ​ថ្មី​។​

​ឯកឧត្តម បាន​លើក​ថា​៖ ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ហៅ​កាត់​ថា ( សស​យក ) ទូទាំងប្រទេស បាន​ខិតខំ​ប្រឹងប្រែង ក្នុង​សកម្មភាព​បំពេញការងារ​មនុស្សធម៌ ដល់​សង្គមជាតិ តាំងតែ​ពី​ដំណាក់កាល​ដំបូង នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ មកម្ល៉េះ ទាំង​សមាជិក​ក្នុង​ខេត្តសៀមរាប​ផ្ទាល់ បាន​ចូលរួម​យ៉ាងសកម្ម​នៅតាម​មូលដ្ឋាន រួមទាំង​ការនាំយក​អំណោយ​ស្បៀងអាហារ​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ខ្វះខាត និង​បាន​អនុវត្ត​យុទ្ធនាការ បញ្ជ្រាប​ការយល់ដឹង​អំពី​គ្រោះថ្នាក់​ជំងឺ​កូ​វីដ​-១៩ ឱ្យ​យល់ដឹង​ដល់​សហគមន៍ ក្រោម​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ពិសេស​គឺ​ការផ្សព្វផ្សាយ​អំពី​វិធានការណ៍​ការពារ​ខ្លួន និង​ជម្រុញ​ចលនា​ប្រជាពលរដ្ឋ ទទួលយក​ការចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វីដ​-១៩ ចាប់ពី​ដូ​ស​មូលដ្ឋាន រហូតដល់​ដូ​ស​ទី​៤ ដែលជា​នយោបាយ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​។ កិច្ចការ​ទាំងនេះ ទោះជា​ត្រូវ​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់​យ៉ាងណាក៏ដោយ ប៉ុន្តែ​សមាជិក សស​យក ទាំងអស់ នៅតែមាន​ឆន្ទ​: និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រួមសុខ​រួមទុក្ខ​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​គ្រប់​កាល​:​ទេស​:​។

​ឯកឧត្តម​បញ្ជាក់ថា​៖ យ៉ាងណាក៏ដោយ ( សៀមរាប​ផ្ទះ​ខ្ញុំ ) គឺជា​ឆ្អឹងខ្នង នៃ​យុទ្ធនាការ​មិនចេះ​រី​ស្ងួត​របស់ សស​យក​-​សៀមរាប ដែល​ស្ថិតនៅ​ជានិច្ច​លើ​សកម្មភាព​មនុស្សធម៌ និង​សង្គមជាតិ​។ ជាមួយគ្នា​នោះ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានផ្តល់​អនុសាសន៍​ណែនាំ​មួយចំនួន ដល់​សមាជិក សមាជិកា សស​យក ទាំងអស់​ថា ក្នុងនាម​ជា​យុវជន​ជំនាន់​ក្រោយ ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​អំពី​ការគោរព​សិក្សា​បទពិសោធន៍​ពី​ព្រឹទ្ធាចារ្យ​ជា​រៀមច្បង ដែល​អ្វី​ទាំងនោះ​គឺ​សីលធម៌ គុណធម៌ និង​ប្រពៃណី​។ ​ឯកឧត្តម​ពន្យល់ថា ការគោរព​គ្នា​តាម​ឋានានុក្រម គឺមាន​តម្លៃ​ចេញមក​ពី​ការចាត់តាំង ហើយ​ការគោរព​ការបញ្ចេញ​គំនិត គោរព​ភាពជា​អ្នកដឹកនាំ គឺ​ការគោរព​ចេញមក​ពី​ឧ​ត្ត​ម​គតិ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close