កីឡាជិះសេះកម្ពុជា កំពុងបោះជំហានឆ្ពោះទៅរកមេដាយមាស ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣
លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានឡើកឡើងក្រោយ បញ្ចប់ការប្រកួតកីឡាជិះសេះផ្លោះរបារ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ កាលពីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្លិប CCC រាជធានីភ្នំពេញថា យើងពិតជារីករាយ ដែលការប្រកួតដ៏សំខាន់នេះត្រូវបានរៀបចំឡើងវិញ ក្រោយស្ងប់ស្ងាប់ជំងឺកូវីដ-១៩ ដែលនេះ ជាការបោះជំហានដ៏ធំមួយ ដើម្បីគោលដៅឆ្ពោះទៅស្វែងរកមេដាយមាស ក្នុងឋានៈជា ម្ចាស់ផ្ទះ ស៊ីហ្គម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
លោកស្រីប្រធានបន្ថែមថា ការប្រកួតនេះជាការផ្តល់ឱកាសដល់កីឡាករបានបញ្ចេញ សមត្ថភាព បន្ទាប់ពីការហ្វឹកហាត់សេះផង និងការហ្វឹកហាត់របស់កីឡាករផង។ ដូច្នេះនេះជា ការប្រកួត ដើម្បីឱ្យមានភាពកាន់តែរឹងមាំនៅក្នុងបច្ចេកទេសជិះសេះផ្លោះ របារនេះ។ វាពិតជាលំបាកក្នុងការបញ្ជាសេះឱ្យលោតផ្លោះរបារ កាន់តែខ្ពស់កាន់តែពិបាក ជាពិសេស គឺកម្ពស់ ១,១០ម៉ែត្រជាដើម។ អ្វីដែលសំខាន់ការបញ្ជាសេះលោតផ្លោះរបា រក្រោម១ម៉ែត្រ ឬទាបត្រឹម ៣០សង់ទីម៉ែត្រក៏មិនមែនជារឿងងាយស្រួលប៉ុន្មានដែរ ដែលកីឡាករត្រូវតែប្រើ ប្រាស់បច្ចេកទេសជាមួយនឹងអារម្មណ៍ស្ងប់ស្ងាត់ ពីព្រោះត្រូវលោតទាំងសេះ និងកីឡាករ។ បើកីឡាករប្រែប្រួលក្នុងចិត្ត ឬប្រឹងប្រែងពេក នោះសេះក៏ប្រែប្រួលដូចគ្នានិងអាចមាន ការលំបាកដូចគ្នា ដូច្នេះវាត្រូវការការហ្វឹកហាត់សម្របសម្រួលរបស់កីឡាករជាមួយសេះ ឱ្យបានល្អប្រសើរផងដែរ។
ចំពោះការត្រៀមកីឡាករ ត្រៀមប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈជា ម្ចាស់ផ្ទះដំបូងនេះ គឺយើងបានត្រៀមសម្រួចគោលដៅរបស់យើងដែរ ទោះបីជាវាមានការ លំបាកក្តី ក៏យើងជឿថា យើងអាចធ្វើវាបាន ដោយយើងនឹងយកសេះរបស់យើង មកលោតប្រកួត ដូច្នេះយើងសង្ឃឹមថា ប្រភេទកីឡាជិះសេះកម្ពុជានឹងអាចប្រជែងបាន មេដាយមាស ដែលយើងកំពុងសំឡឹងមើល។ មេដាយកម្រិតណាក៏ល្អដែរ ប៉ុន្តែបើកម្ពុជាឈ្នះមេដាយមាស គឺជាក្តីប្រាថ្នាដ៏ធំរបស់យើង។
សម្រាប់ការប្រកួតជិះសេះផ្លោះរបារនេះត្រូវបានចែកចេញជាពីរកម្រិត ដែលការ ប្រកួតក្មេងៗគឺជាការចូលរួមរបស់ប្រកួត ដើម្បីគោលដៅបណ្តុះបណ្តាលថ្នាលនៅក្នុង សហគមន៍ រីឯការប្រកួតកម្រិតខ្ពស់ គឺជាកីឡាករជម្រើសជាតិរបស់យើង ដែលទទួលការហ្វឹកហាត់ដោយផ្ទាល់ពីសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ។ ជាមួយគ្នានេះ សហព័ន្ធក៏កំពុងដំណើរការការប្រកួតវិញ្ញាសាចម្ងាយឆ្ងាយមួយទៀត នៅរមណីយដ្ឋាន ដំណាក់ដំរី ខេត្តកំពង់ស្ពឺ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ១៤នាក់ផងដែរ។
សូមបញ្ជាក់ថា ចំពោះជ័យលាភីនៃការប្រកួតកីឡាជិះសេះផ្លោះរបារ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡានេះរួម មាន៖ ចំណាត់ថ្នាក់លេខ១ កីឡាករ គីរី ចាន់តុលា ជិះសេះឈ្មោះ ព្រីនសេស មកពីសហព័ន្ធ កម្ពុជាបង្ហាត់ជិះសេះ, លេខ២ អ្នកអង្គម្ចាស់ នរោត្តម អម្រិតា ជិះសេះឈ្មោះព្រីនសេសមក ពីសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ, លេខ៣ កីឡាករ គ្រី សារឿន ជិះសេះឈ្មោះ កាហ្វេ មកពីក្លិបកីឡាជិះសេះនៅប្រទេសថៃ និងលេខ៣ស្ទួន កីឡាករ គង់ រតនៈ ជិះសេះឈ្មោះកាហ្វេ មកពីក្លិប ស៊ី.ស៊ី.ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។