ប្រជាពលរដ្ឋ ប្រទះឃើញគ្រោងឆ្អឹងមនុស្ស ដៃជាប់ចំណងក្រពាត់ទៅក្រោយ នៅក្នុងល្អាងភ្នំមួយ ក្នុងខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋដែលដើររកអាចម៌ប្រចៀវ បានប្រទះឃើញគ្រោងឆ្អឹងមនុស្ស មានជាប់ចំណងដៃនឹងខ្សែនីឡុង ហើយក្រពាត់ទៅក្រោយ នៅក្នុងល្អាងភ្នំ ឈូងស្វាយ ស្ថិតនៅក្នុងឃុំតាក្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង។ ក្នុងករណីនេះ ប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ហើយ និងបានសន្និដ្ឋានថា គ្រោងឆ្អឹងមនុស្សស្លាប់នោះមានសភាពពុកផុយ ប្រហែលស្លាប់តាំងពីអំឡុងសម័យប៉ុលពត។
យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកបាណន់ បានឱ្យដឹងថា មានប្រជាពលរដ្ឋចំនួន ២នាក់ ដែលរស់នៅភូមិតាង៉ែន ឃុំតាក្រោម ស្រុកបាណន់ ខេត្តបាត់ដំបង បានដើរទៅរកអាចម៌ប្រចៀវនៅល្អាងភ្នំឈូងស្វាយ ស្រាប់តែប្រទះឃើញគ្រោងឆ្អឹងសាកសពនៅក្នុងល្អាងភ្នំឈូងស្វាយនោះ ដែលមានជម្រៅប្រហែល ២០ម៉ែត្រ ភ្លាមនោះក៏ប្រញាប់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការនគបាលខេត្តបាត់ដំបង សហកាជាមួយកម្លាំងអធិការ និងនគរបាលប៉ុស្តិ៍ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ។ បន្ទាប់មកនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ច សហការជាមួយប្រជាពលរដ្ឋ ចុះសួតាមឫសជ្រៃ ទៅក្នុងបាតល្អាងដើម្បីពិនិត្យ និងប្រមូលយកឆ្អឹងសាកសពនោះឡើងមកលើមាត់ល្អាង។
លោក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានឱ្យដឹងថា ក្រោយពិនិត្យស្ថានភាពឆ្អឹងសពនោះរួច បានសន្និដ្ឋានថា ជាមនុស្សប្រុស វ័យប្រហែល ៥០ឆ្នាំ មានចំណងចងដៃដោយខ្សែនីឡុងក្រពាត់ទៅក្រោយពណ៌ក្រហម(ចងស្លាបសេក) មានពាក់អាវដៃវែង ពណ៌ប្រផេះ ខោជើងវែង ពណ៌ខ្មៅ ហើយក្នុងហោប៉ៅអាវមានឃើញស្លឹកចៀកសមស្រាប់មូរថ្នាំជក់របៀបចាស់បូរាណ។ យោងតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ ឆ្អឹងសពនោះមានសភាពពុកផុយខ្លះហើយ ប្រហែលស្លាប់ក្នុងសម័យប៉ុលពត ហើយប្រហែលជាសពត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់ ក្នុងអំឡុងពេលដែលជីកទំនប់អាងកំពីងពួយ ព្រោះទីតាំងស្លាប់នៅក្បែរគ្នានឹងទំនប់កំពីងពួយ។
ក្រោយពីពិនិត្យគ្រោងឆ្អឹងរួច សមត្ថកិច្ចជំនាញបានប្រគល់ឱ្យអាចារ្យវត្តដំបូកខ្ពស់ ក្នុងឃុំតាង៉ែន ដើម្បីរៀបចំវេចចខ្ចប់ដាក់ក្នុងក្រឡ រក្សាទុកតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។