បារាំង ជ្រើសរើស​កម្ពុជា ធ្វើ​គំរូ​នាំមុខគេ​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​

​ភ្នំពេញ​៖ ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ​នា​ដំណាក់កាល​ក្នុង​និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩ បារាំង​មានបំណង​ចង់​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​-​អាស៊ាន និង​បារាំង​-​អាស៊ាន ហើយ​បានជ្រើសរើស​កម្ពុជា​ជា​ដៃគូ​នាំមុខគេ​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​នេះ ពីព្រោះ​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​។​

​ការបញ្ជាក់​ពី​គោលបំណង​នេះ​ធ្វើឡើង​ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​រវាង​លោក ពើ​ឡេ​ត៍ ហ្សា​គ (Pellet Jacques) ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា និង​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​នាឱកាស​នោះ លោក​ឯកអគ្គរដ្ឋទូត​បារាំង​បាន​ចូលរួម​អបអរសាទរ​ដល់ក​ម្ពុ​ជា​ដែល​បាន​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​អាណត្តិ​ឆ្នាំ​២០២២​នេះ​។ ជាមួយគ្នា​នោះ លោក ពើ​ឡេ​ត៍ ហ្សា​គ បានលើកឡើង​អំពី​គោលបំណង​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​បារាំង ដែល​ចង់​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយ​អាស៊ាន ពោល​ទាំង​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​-​អាស៊ាន និង​ក្របខណ្ឌ​បារាំង​-​អាស៊ាន ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ​នា​ដំណាក់កាល​ក្នុង​និង​ក្រោយ​វិបត្តិ​កូ​វីដ​១៩​។​

​ក្នុងនាម​តំណាង​រដ្ឋាភិបាល​បារាំង លោក ហ្សា​គ ថែមទាំង​បាន​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​នាំមុខគេ​ក្នុងការ​រៀបចំ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​នេះ ដើម្បី​ធ្វើជា​គំរូ​ដល់​ប្រទេស​សមាជិក​ដទៃ ដែល​នេះ​ជាការ​ចូលរួម​ដើម្បី​ផលប្រយោជន៍ ភាព​រីកចម្រើន​ទាំងអស់គ្នា ពិសេស​ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ផងដែរ​។​

​លោក​ឯកអគ្គរដ្ឋទូត​បារាំង​បាន​គាំទ្រ​ដល់​គោលនយោបាយ​ចាក់​វ៉ាក់សាំង​នៅ​កម្ពុជា និង​បាន​ទទួលស្គាល់ថា​កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍​មួយ​ដែលមាន​សុវត្ថិភាព​។ លោក​ក៏​នឹង​បន្ត​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​ទាំងនេះ​ទៅកាន់​ប្រជាជន​បារាំង ដើម្បីឱ្យ​ពួកគេ​ជ្រើសរើស​គោលដៅ​ទេសចរណ៍​កម្ពុជា​ជា​គោលដៅ​អាទិភាព​មួយ នៅពេល​សភាពការណ៍​កូ​វីដ​១៩​មានការ​ថមថយ ឬ​អាចធ្វើ​ដំណើរ​បាន​ស្រួល​។​

​ឯកឧត្ដម ថោង ខុន បានស្នើ​ឱ្យមាន​ការជំរុញ​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​បារាំង​ទៅមក​កម្ពុជា ដើម្បី​ជំរុញ​កំណើន​ភ្ញៀវទេសចរ​ទៅមក​។​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​បារាំង​ដែល​បាន​គាំទ្រ​ការបង្កើត​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទេសចរណ៍​ចំនួន​២​ដល់​កម្ពុជា មួយ​គឺ​នៅ​រាជធានី​ភ្នំពេញ និង​មួយទៀត​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​គាំទ្រ​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ផងដែរ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏បាន​ជម្រាប​ថា នាពេលខាងមុខ លោក​នឹង​ជួប​ជាមួយ​អាជីវករ និង​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​ទេសចរណ៍​ដែលជា​ជនជាតិ​បារាំង ដើម្បី​រក​វិធីសាស្ត្រ​បន្ថែមទៀត​ក្នុង​ស្ដារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យបាន​ល្អប្រសើរ​ឡើងវិញ ខណៈ​នៅ​កម្ពុជា​ក៏មាន​អាជីវករ និង​ប្រតិបត្តិ​ករ​ជា​ជនជាតិ​បារាំង​ច្រើន​ផងដែរ​។​

​នៅក្នុង​ជំនួប​នោះ​ផងដែរ តាម​សំណើ​របស់លោក​រដ្ឋមន្ត្រី ថោង ខុន ភាគី​បារាំង​សន្យា​ជួយ​គាំទ្រ​ដល់​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៉ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​។ ភាគី​ទាំងពីរ​ចង់ឱ្យមាន​ក្រុមការងារ​មួយ​ចុះមក​សិក្សា​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្នុងនោះ​លោក ពើ​ឡេ​ត៍ ហ្សា​គ បាន​បញ្ជាក់ថា បារាំង​មាន​មូលនិធិ​៦០​ម៉ឺន​ដុល្លារ ដើម្បី​ជួយ​ចូលរួម​រៀបចំ​ស៉ី​ហ្គេម​នៅ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close