រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩ មួយ​ករណី លើ​ពលករ​ខ្មែរ មកពី​ប្រទេស​ថៃ​

​ខេត្តបាត់ដំបង​៖ ពលករ​ជា​បុរស​ម្នាក់ ត្រូវបាន​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង បាន​រកឃើញ​មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩ បន្ទាប់ពី​បានធ្វើ​តេស្ត ដោយ​ឧបករណ៍​តេស្ត​រហ័ស​រួចមក​។​

​នេះ​បើតាម​ការ​ផ្តល់ព័ត៌មាន​មក​ក្រុមការងារ​ប្រចាំខេត្ត​បាត់ដំបង ដោយ​លោក​វរសេនីយ៍ឯក ម៉​ង់ ស៊ី មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ នា​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បន្ទាប់ពី​ភាគី​នៃ​ប្រទេស​ថៃ​បាន​ចាត់​បញ្ជូន​ពលករ​ខ្មែរ​ឱ្យ​វិល​ត្រឡប់មក​ស្រុក​វិញ តាម​ច្រក​តំបន់​អូរ​អន្លក់ ស្ថិតក្នុង​ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង ខេត្តបាត់ដំបង ។​

​លោក​បាន​បញ្ជាក់ទៀតថា សម្រាប់​ថ្ងៃនេះ មាន​ពលករ​ខ្មែរ​ចំនួន​១២១​នាក់ ត្រូវបាន​ភាគី​ថៃ​បញ្ជូន​មកវិញ​ជា​បន្តបន្ទាប់​គ្នា ហើយ​បន្ទាប់ពី​សាកសួរ កត់​ឈ្មោះ ចុះ​កំណត់ហេតុ និង​អប់រំ​ណែនាំ​អំពី​វិធានការ​ការពារ​ការឆ្លង​ជំងឺ​កូ​វី​-១៩ រួចមក ក្រុមគ្រូពេទ្យ​ប្រចាំ​ច្រកទ្វារព្រំដែន បាន​យក​សំណាក​ធ្វើតេស្ត​រហ័ស លើ​ពលករ​ទាំ​អ​១២១​នាក់ ជា​លទ្ធផល​គឺមាន​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​១​នាក់ ភេទ​ប្រុស បាន​បញ្ជូនទៅ​មណ្ឌល​ព្យាបាល​នៅតាម​ព្រំដែន ហើយ​ពលករ​ចំនួន​៤៤​នាក់​ទៀត ដែលមាន​កាត​ចាក់​វ៉ាក់សាំង​ហើយ​តែ​ស្កេ​ន​មិនមាន​ទិន្នន័យ ត្រូវបាន​បញ្ជូនទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​គីឡូ​៩ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយឡែក​ពលករ ដែលមាន​កាត​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាតឱ្យ​វិលត្រឡប់​ទៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​វិញ​ផងដែរ​។​

​តាមរយៈ​នេះដែរ លោក មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ទាំងអស់ សូម​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ បើ​មានបំណង​វិល​មក​ស្រុកកំណើត​វិញ សូម​ចូលមក​តាម​ច្រកព្រំដែន​ឱ្យបាន​ត្រឹមត្រូវ​ចៀសវាង​មក​តាម​មេខ្យល់ ដែលនាំឱ្យ​ជួប​នូវ​ហានិភ័យ​ចំពោះមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close