សម្តេច​តេ​ជោ ជំរុញ​ការចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​និង​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ បើក​ការដ្ឋាន​សាងសង់​ស្ថានីយ៍​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​បឹង​ជើងឯក នា​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​មានការ​ចូលរួម​អនាម័យ​បរិស្ថាន និង​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ផងដែរ​ថា បញ្ហា​កង្វល់​របស់​យើង​នៅពេលនេះ គឺ​ប្រជាពលរដ្ឋ​មិន​ព្រម​រក្សា​អនាម័យ​ទុកដាក់​សំរាម​ទេ ដែល​នេះ​គឺជា​បញ្ហា​ឈឺក្បាល​សម្រាប់​យើងទាំងអស់គ្នា​។

​ក្នុងឱកាស​នោះ ក៏បាន​រំលឹក​ផងដែរ​ថា ទីក្រុង​ភ្នំពេញ​យើង​កាលពី​ទសវត្ស​ឆ្នាំ​១៩៨០ ដែល​កាលនោះ​ពុំមាន​បញ្ហា​សំរាម​ឬ​ទឹក​កខ្វក់​នៅឡើយ​ទេ ដោយសារ​ស្ថានភាព​យើង​នៅពេលនោះ ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត ពុំ​សម្បូរ​ម្ហូបអាហារ​បរិភោគ​ច្រើនបែប​យ៉ាងដូច​សព្វថ្ងៃនេះ​ឡើយ​។ ជាមួយគ្នានេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន​បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ និង​អ្នក​មកលេង​ក្រុងភ្នំពេញ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ ចេះ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវខិតខំ​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​សំរាម​ហូរ​ចូល​លូ ប្រឡាយ និង​ទន្លេ​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​រក្សា​អនាម័យ​បរិស្ថាន​ដើម្បី​ទីក្រុង​ស្អាត មិនត្រូវ​បោះចោល​សំរាម​ផ្តេសផ្តាស​ពាសវាល​ពាសកាល​ឡើយ​ដូចជា​មិន​ត្រូវយក​សំរាម​ទៅ​បោះ​ចូល​នៅក្នុង​លូ​ជាដើម​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា អ្នក​បោះចោល​សំរាម​ពាសវាល​ពាសកាល គួរ​ខ្មាស​ក្មេងៗ​ដែល​ទទួលបាន​ការអប់រំ ហើយ​ចេះ​ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ទៀតថា ឥឡូវនេះ មានការ​រៀបចំ​ឲ្យ​មានការ​ញែក​រវាង សំណល់​រឹង ជាមួយនឹង​សំរាម ធម្មតា ក៏ប៉ុន្ដែ​មិន​ព្រមធ្វើ​បែបនេះ​ទេ ដែល​បង្កើត​ឲ្យ​មាន​បញ្ហា ទៅជា​ទីធ្លា​ចាក់សំរាម ដែល​ឥឡូវ​ត្រៀម​ដោះដូរ ពី​ស្ទឹងមានជ័យ ទៅកាន់​កន្លែង​ផ្សេង​។ ជាមួយគ្នានេះដែរ សម្តេច​តេ​ជោ បាន​ជុំរុញ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សិក្សា​រៀបចំ និង​សាងសង់​ទីលាន​ចាក់សំរាម​ថ្មី​ឲ្យ​បាន​ឆាប់ ដែល​តាម​គម្រោង​រដ្ឋបាល​រាជធានី​ត្រូវការ​រយៈពេល​២​ឆ្នាំ​ទើប​រៀបចំ​ទីលាន​ចាក់សំរាម​ថ្មី ដើម្បី​ផ្ទេរ​ការ​ទុកដាក់​សំរាម​ពី​ទីលាន​ចាស់​នៅ​ខណ្ឌដង្កោរ​។

​លើសពីនេះ រាជរដ្ឋាភិបាល​មាន​គោលនយោបាយ ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង​និង​ការអភិវឌ្ឍ​ទីប្រជុំជន ប្រកបដោយ​សោភ័ណភាព ចីរភាព និង​សុខុមាលភាព​។ ក្នុងនោះ​រាជរដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​រដ្ឋបាល ក្រុង​-​ស្រុក​រៀបចំ​ទីលាន​ផ្ទាល់ ឬ​ទីលាន​តំបន់​ដែល​អាច​គ្រប់គ្រង​សំរាម​មាន​ប្រសិទ្ធភាព និង​អាច​ទាញ​ធនធាន ដើម្បី​ចូលរួម​ក្នុងការ​បង្កើន​សេដ្ឋកិច្ចជាតិ​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត សហគ្រាស​គ្រប់គ្រង​ស្ថានីយ​ផ្ទេរ និង​ទីលាន​ទុកដាក់​សំរាម សំណល់​រឹង ស​.​ទ​.​ស​. លេខ ១៨៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែលមាន​បេសកកម្ម​គ្រប់គ្រង​ស្ថានីយ​ផ្ទេរ និង​ទីលាន​ទុកដាក់​សំរាម សំណល់​រឹង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​បច្ចុប្បន្ននេះ សំរាម​ក្នុង​រាជធានី​ភ្នំពេញ​មួយថ្ងៃ ត្រូវបាន​បញ្ចេញ​ចោល​ចំនួន​ប្រមាណ​៣​ពាន់​តោន ហើយ​បើ​សរុប​ទូទាំងប្រទេស​សំរាម​ប្រមាណ​ជាង​៣​លាន​តោន ត្រូវបាន​ដឹកជញ្ជូន​ចាក់​តាម​ទីលាន​ក្នុង​១​ឆ្នាំ​។ សំរាម​នេះ​គឺជា​បញ្ហា​រួម ដែល​ត្រូវ​ដោះស្រាយ​និង​ចូលរួម​ទាំងអស់គ្នា​ជាពិសេស​ប្រជាពលរដ្ឋ​ផងដែរ​។ ដូច្នេះ​ចូលរួម​លើ​ការ​ទុកដាក់​សំរាម​ឲ្យ​ត្រឹមត្រូវ​តាម​ប្រភេទ មាន​របៀបរៀបរយ និង​ការទាញយក​ធនធាន​តា​មរយៈ​ការកែច្នៃ គឺជា​រឿង​ចាំបាច់​បំផុត ដែល​ត្រូវ​ផ្តើមដំបូង​ចេញពី​ប្រជាពលរដ្ឋ​តែម្ដង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close