សម្តេច​តេ​ជោ ហ៊ុន សែន ចេញ​សារលិខិត​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​២០២២ និង​ស្វាគមន៍​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បានចេញ​សារលិខិត​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត គាំទ្រ​ការបើក​ទេសចរណ៍​កម្ពុជា​» អម​ជាមួយ​ការប្រកាស​យុទ្ធនាការ «​កម្ពុជា​ស្អាត​» ឆ្ពោះទៅ​ស្វាគមន៍​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ (SEA Games 2023)​។ ដើម្បី​ឆ្លើយតប​នឹង​ប្រធានបទ​នៃ​ទិវា​ជាតិ​ទីក្រុង​ស្អាត​ឆ្នាំ​២០២២​នេះ ក្នុងនាម​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​ការងារ​អាទិភាព​ដូចខាងក្រោម​៖

​ទី​១៖ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ផ្នែក​ឯកជន​ត្រូវ​បន្ត​ចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​វិធាន ឬ​បទដ្ឋាន​គតិយុត្ត​ដែល​បាន​ដាក់ចេញ រួមមាន​៖ «​វិធាន​សុវត្ថិភាព​ទេសចរណ៍​» «​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អ​ប្បរមា (SOP) សម្រាប់​សេវាកម្ម​ទេសចរណ៍​» ស្របតាម​គន្លង​ប្រក្រតីភាព​ថ្មី និង​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ដើម្បី​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ស្តារ​នូវ​ទំនុកចិត្ត​និង​ភាពជឿជាក់​លើ​គ្រប់​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ត្រៀមខ្លួន​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ និង​ព្រឹ​តិ្ត​ការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​។ ដូច្នេះ​ត្រូវ​រៀបចំ​យុទ្ធនាការ​ប្រឡងប្រណាំង​រាជធានី​ខេត្ត ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុងការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​។​

​ទី​២៖ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ផ្នែក​ឯកជន​ត្រូវ​យកចិត្តទុកដាក់​បន្ត​ចូលរួម​ជំរុញ និង​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ តាមរយៈ​ការជំរុញ​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​នានា​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ដើម្បី​លើកស្ទួយ​វិស័យ​ទេសចរណ៍ សំដៅ​ប្រែក្លាយ​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​និរន្តរភាព ដែល​នឹង​ផ្តល់​ផ្លែផ្កា​ចូលរួម​ទ្រទ្រង់​ដល់​ការ​ងើបឡើង​វិញ​នៃ​កំណើនសេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ រួមមាន​៖ «​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩» «​វិធានការ​គោលនយោបាយ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ឆ្នាំ​២០២១-២០២៣» និង «​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការបើកទទួល​ទេសចរណ៍​វ៉ាក់សាំង​»​។​

​ទី​៣៖ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ផ្នែក​ឯកជន ត្រូវ​រួមគ្នា​លើកកម្ពស់​កិត្តិយស និង​មុខមាត់​កម្ពុជា តាមរយៈ​ឥទ្ធិពល​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ក្នុងការ​ដាក់ចេញ​យុទ្ធនា​ការអប់រំ​សង្គម និង​ផ្សព្វផ្សាយ​យុទ្ធនាការ «​កម្ពុជា​ស្អាត​» ឱ្យបាន​កាន់តែ​សកម្ម និង​ផុសផុល សំដៅ​សម្រេចបាន​ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ស្អាត និង​បៃតង នៅក្នុង​ទីក្រុង និង​កម្ពុជា​ទាំងមូល ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

​ទី​៤៖ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​គ្រប់រូប​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការរស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ពិសេស​ទម្លាប់​នៃ​ការរស់នៅ​ជាមួយ «​ភាព​ស្អាត និង​អនាម័យ​» រួមជាមួយ​ការអនុវត្ត​តាម​វិធាន​សុខាភិបាល និង​វិធាន​នានា​របស់​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close