សត្វ​ស្លាប ១៣០​ប្រភេទ ត្រូវបាន​ប្រទះឃើញ និង​កត់​ត្រាទុក ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ និង​អន្លង់​ព្រីង

តាមរយៈអង្កការ ​ BirdLife បានឲ្យដឹងថា កាលពី​ខែមករា ឆ្នាំ​២០២២ ការធ្វើជំរឿន​សត្វ​ស្លាប​អាស៊ី ត្រូវបាន​ប្រព្រឹត្តិ​ទៅ​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ និង​តំបន់ការពារទេសភាព​អន្លង់​ព្រីង ខេត្តកំពត​។

​សកម្មភាព​អង្កេត​តាមដាន​ជីវចម្រុះ​នេះ គឺ​ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ដោយ​មន្ត្រី​អង្កេត​តាមដាន​ទីវាល​អង្គការ​ជិវិត​ធម្មជាតិ និង​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​ក្នុង​តំបន់ការពារទេសភាព​ទាំងពីរ​នេះ ដែល​គាំទ្រ​ដោយ​អង្គការ BirdLife និង​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​។

​ជា​លទ្ធផល សត្វ​ស្លាប​ចំនួន ៧៨ ប្រភេទ​ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ និង​សត្វ​ស្លាប​ចំនួន​៥២​ប្រភេទ​ក្នុង​តំបន់ការពារទេសភាព​អន្លង់​ព្រីង ត្រូវបាន​ប្រទះឃើញ និង​កត់​ត្រាទុក​។ ក្នុងនោះ​មាន​សត្វ​ស្លាប​ដែល​ដែល​ជិត​ផុត​ពូជ​បំផុត​ចំនួន​០១​ប្រភេទ គឺ​ចាប​ព្រៃវែង និង​សត្វ​ស្លាប​ដែល​កំពុង​រងគ្រោះ​ជា​សក​ល គឺ​សត្វ​ក្រៀល​។

គួរបញ្ជាក់​ផងដែរ​ថា ចាបព្រៃ​វែង​បាន​នៅតែ​បន្ត​មាន​វត្ត​មាននៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ រាប់ពាន់​ក្បាល ចាប់តាំងពី​ខែធ្នូ ដល់​ខែមេសា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ គម្រោង​អភិរក្ស​និង​គ្រប់គ្រង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​និង​អន្លង់​ព្រីង​សហការ​អនុវត្ត​ដោយ​ក្រសួងបរិស្ថាន អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា BirdLife និង WWT៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close