ក្រសួងផែនការ នឹង​ចុះ​ធ្វើ​ជំរឿន​សេដ្ឋកិច្ច នៅតាម​បណ្តា​រោងចក្រសហគ្រាស​ទាំងអស់ នៅ​ទូទាំងប្រទេស​

​ភ្នំពេញ​៖ យោងតាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សេចក្តីជូនដំណឹង​មួយ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ស្តីពី​ក្រសួងផែនការ នឹង​ចុះ​ធ្វើ​ជំរឿន​សេដ្ឋកិច្ច​នៅតាម​បណ្តា​រោង​ចក សហគ្រាស នៅ​ទូទាំងប្រទេស​។​

​ក្នុង​សេចក្តីជូនដំណឹង​នេះ​ក្រសួង​ការងារ បានបញ្ជាក់​ជូន​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ទាំងអស់ ឱ្យបាន​ដឹងថា ដើម្បី ប្រមូល​ទិន្នន័យ​ព័ត៌មាន​បច្ចុប្បន្នភាព​អំពី​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​គ្រប់​វិស័យ (​ឧស្សាហកម្ម និង​សេវាកម្ម​) សមភាព​យេនឌ័រ លក្ខណៈ​នៃ​ប្រភេទ​អាជីវកម្ម ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អង្គភាព សេដ្ឋកិច្ច ចំនួន​សហគ្រាស (​ខ្នាត​មីក្រូ តូច មធ្យម និង​ខ្នាត​ធំ​) ចំនួន​កម្លាំង​ពលកម្ម (​កម្មករនិយោជិត​) និង​ព័ត៌មាន​ផ្សេងៗ​ទៀត ក្រសួងផែនការ នឹង​ចាត់​មន្ត្រី​ជំរឿន​ចុះ​សម្ភាសន៍ និង​កត់ត្រា​ទិន្នន័យ​ស្ថិតិ​នៅតាម​រោងចក្រ សហគ្រាស​ទាំងអស់​។​

​ការធ្វើជំរឿន​នេះ នឹងធ្វើ​នៅតាម​មូលដ្ឋាន ភូមិ ឃុំ​/​សង្កាត់ ក្រុង​/​ស្រុក​/​ខណ្ឌ រាជធានី ខេត្ត ទាំង​២៥ ចាប់ពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២២ រហូតដល់​ចប់​ជា​ស្ថាពរ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង លោក ទេព ស័​ក្ត​មករា ០១១ ៦៦២ ៧១៣​។​

​ក្រសួង មាន​សេចក្តី​ជឿជាក់ថា ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ទាំងអស់ នឹង​ផ្ដល់​កិច្ចសហការ សម្របសម្រួល​ដល់​មន្ត្រី​ជំរឿន​របស់​ក្រសួងផែនការ ក្នុងការ​សម្ភាស និង​កត់ត្រា​ទិន្នន័យ​ស្ថិតិ​នៅតាម​រោង​ចក សហគ្រាស ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close