អូ​មី​ក្រុង​បំបាំងកាយ មិន​គ្រោះថ្នាក់​ដូច​អូ​មី​ក្រុង​ដើមឡើយ​

​បច្ចុប្បន្ន​អូ​មី​ក្រុង បាន​គ្រប់គ្រង​ការឆ្លង​នៅលើ​ពិភពលោក ដោយ​ភាគច្រើន​ករណី​ឆ្លង​នាពេល​ចុង​ក្រោយនេះ​បង្កឡើង​ដោយ​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង ក៏ដូចជា​អូ​មី​ក្រុង​បំបាំងកាយ​។ ប៉ុន្តែ អង្គការ WHO​បញ្ជាក់ថា វីរុស​អូ​មី​គ្រុង​បំបាំងកាយ​មិន​គ្រោះថ្នាក់​ដូច អូ​មី​ក្រុង​ធម្មតា​ឡើយ​។​

អង្គការ​សុខភាព​ពិភពលោក WHO នៅ​ថ្ងៃទី ២២​ខែកុម្ភៈ​ឆ្នាំ​២០២២ បានប្រកាសថា វីរុស​កូ​វីដ ១៩ អូ​មី​ក្រុង​បំបាំងកាយ (BA2) មិន​គ្រោះថ្នាក់​ដូច​អូ​មី​ក្រុង​ប្រភេទ​ដើម​នោះឡើយ ។​

​លោកស្រី បណ្ឌិត Maria Van Kerkhove ជា​មន្ត្រីជាន់ខ្ពស់​របស់​WHO បាន​បញ្ជាក់ថា «​យើង​មរ​ក​មិន​ឃើញថា វីរុស​កូ​វីដ ១៩ បំប្លែង​ថ្មី អូ​មី​ក្រុង​បំបាំងកាយ (BA2)​មិន​គ្រោះថ្នាក់​ដូច​អូ​មី​ក្រុង​(BA1)​នោះឡើយ​។ នោះ​ជា​រឿង​ដ៏​ល្អប្រសើរ ដោយ​ប្រទេស​ជាច្រើន បាន​រកឃើញ​វីរុស​អូ​មី​ក្រុង​ទាំងពីរ​ប្រភេទ​ខាងលើ ។​

​លោកស្រី​បញ្ជាក់ទៀតថា ករណី​ឆ្លង​រាលដាល​កូ​វីដ​១៩ នៅលើ​ពិភពលោក មាន​សញ្ញា​ថយចុះ​ខ្លាំង ជាហេតុ​ធ្វើ​ឲ្យ​ប្រទេស​មួយចំនួន​សម្រេច​បើកទ្វារ​រស់នៅ​ជាមួយ​កូ​វីដ ១៩ ។​

​គិត​ត្រឹម​ថ្ងៃ ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ៤២៨, ១៩៥,៨០៦​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ៥,៩២៤,៩៦៨​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៣៥៦,០០៨,៣០២​នាក់​។​

​អាមេរិក​ដែលជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ​លើ​ពិភពលោក​ពេលនេះ​ក៏មាន​ករណី​ឆ្លង​ធ្លាក់ចុះ​ផងដែរ ដោយ​នៅក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ មនុស្ស​សរុប​រហូតដល់​ទៅ ៦១,៨៦៣​នាក់​ទៀត បាន​ឆ្លង​ជំងឺ COVID-19 ខណៈ​អ្នកជំងឺ​១,៥៥៨​នាក់​បាន​ស្លាប់ នៅក្នុង​រយៈពេល​ដូចគ្នា នៅ​ទូទាំង​សហរដ្ឋអាមេរិក​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close