ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបពិភាក្សាការងារទ្វេភាគី ជាមួយទេសរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្មម៉ាឡេស៊ី
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dato’ Seri Mohamed Azmin Ali ទេសរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនិងឧស្សាហកម្ម នៃប្រទេសម៉ាឡេស៊ី និងសហការី។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់លើទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសក្នុងឱកាសនៃការប្រារព្វរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ម៉ាទ្បេស៊ីក្នុងឆ្នាំ២០២២ ដែលជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ រួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២១ មានចំនួន ៥០១ លានដុល្លារអាមេរិក កើនឡើងចំនួន ១៣ % ធៀបនឹងឆ្នាំ២០២០ ហើយក្នុងនោះម៉ាទ្បេស៊ីឈរនៅចំណាត់ថ្នាក់លេខ ១ ក្នុងការនាំចូលអង្ករកម្ពុជា ក្នុងចំណោមសមាជិកអាស៊ានទាំងអស់ ដោយក្នុងឆ្នាំ២០២១ ម៉ាទ្បេស៊ីបាននាំចូលអង្ករកម្ពុជាសរុបចំនួន ៤៦ ១៨១ តោន កើនទ្បើងចំនួន ៨% បើធៀបនឹងឆ្នាំ២០២០។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីម៉ាទ្បេស៊ី បន្តជំរុញនិងបង្កើនវិនិយោគិនម៉ាឡេស៊ីមកកម្ពុជាបន្ថែមទៀត ព្រមទាំងបង្កើនការនាំចូលកសិផលសក្តានុពលពីកម្ពុជា ជាពិសេស អង្ករកម្ពុជា ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសផលិតកម្មម្ហូបអាហារហាឡាល់ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងធ្វើការនាំចេញ។
ក្នុងនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជាចំពោះការបង្កើតបរិយាកាសធុរកិច្ច និងវិនិយោគដ៏ល្អប្រសើរ ហើយបានបញ្ជាក់ពីគោលបំណងក្នុងការពង្រីកការវិនិយោគមកកម្ពុជា ដើម្បីចូលរួមចំណែកបង្កើនឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាដើម្បីទាញអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងអាសិបដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ កន្លងមក។
ក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី Mohamed Azmin Ali បានថ្លែងអបអរសាទរកម្ពុជាដែលបានជ្រើសរើសនូវមូលបទ (ASEAN : Addressing Challenges Together) ដែលត្រូវទៅនឹងភាពចាំបាច់នៃស្ថានភាពបច្ចុប្បន្ន ជាពិសេសបានបញ្ជាក់ពីការប្តេជ្ញាចិត្តផ្តល់គាំទ្រយ៉ាងពេញលេញចំពោះឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២២ ហើយសង្ឃឹមយ៉ាងមុតមាំថា អាស៊ាននឹងអាចសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។