កម្ពុជា បើកច្រកទីផ្សារ និងជំរុញការនាំចេញដំឡូងមីស្ងួត ៤០ម៉ឺនតោន ទៅកាន់តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន
ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសហការរៀបចំពិធីចុះហត្ថលេខា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម LAN Tianli អភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំ ដែលដំឡូងមីស្ងួតកម្ពុជាចំនួន ៤០ម៉ឺនតោន នឹងត្រូវនាំចេញទៅកាន់ប្រទេសចិន ចាប់ពីខែមីនា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរដល់ ឯកឧត្តមអភិបាលខេត្តក្វាងស៊ី ឱ្យបន្តគាំទ្រ និងសម្របសម្រួលដល់ការនាំចូលដំឡូងមីស្ងួតកម្ពុជាទៅកាន់តំបន់ស្វយ័តក្វាងស៊ី និងស្នើជំរុញបន្ថែមដល់ក្រុមហ៊ុនចិន ដើម្បីបន្តរៀបចំអនុស្សរណៈយោគយល់គ្នាក្នុងការនាំចូលអង្ករ ពោត ស្វាយ ចេក និងផលិតផលសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ជាពិសេសទៅកាន់តំបន់ស្វយ័តក្វាងស៊ី។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ដោយសារការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរ ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកាលពីឆ្នាំ២០១០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន ដែលសុទ្ធតែបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ ជាក់ស្ដែង នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនសម្រេចបាន ១១.១៩ ពាន់លានដុល្លារអាមេរិក ជាមួយនឹងការកើនឡើងប្រមាណ ៣៨% បើធៀបនឹងឆ្នាំ ២០២០។
ជាការឆ្លើយតប ឯកឧត្តមអភិបាលខេត្ត នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី បានអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នាពេលនេះ។
ឯកឧត្តម បញ្ជាក់ទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមពិព័រណ៍ចិន-អាស៊ាន និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ានជាច្រើនលើកមកហើយ ដែលសកម្មភាពនេះបានជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្វាងស៊ី។ តួយ៉ាង ក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងក្វាងស៊ី ឈានដល់ ១,០៥ ពាន់លានយន់ កើនឡើង ៦៣,៨% មានសហគ្រាស និងអង្គភាពក្វាងស៊ីសរុបចំនួន ៧១ ដែលបានវិនិយោគលើវិស័យមិនមែនហិរញ្ញវត្ថុនៅកម្ពុជា ជាមួយនឹងការវិនិយោគតាមកិច្ចសន្យាសរុបចំនួន ៨៩ពាន់លានដុល្លារអាមេរិក។
ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្នុងនាមជាច្រកនៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន តំបន់ស្វយ័តក្វាងស៊ីបានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា និងប្រទេសអាស៊ានដទៃទៀត ដោយទទួលបានលទ្ធផលជាផ្លែផ្កា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។