ក្រសួងទេសចរណ៍ រៀបចំកម្មវិធីមហោស្រពអាហារនិម្មិតសប្តាហ៍ទី៣ តាមប្រព័ន្ធអនឡាញ ដើម្បីបង្ហាញមុខម្ហូបខ្មែរតាមតំបន់
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងទីភ្នាក់ងារប្រឹក្សាយោលបល់ រេដហ៊ីល ខមម្ញូនីខេសិន (ខេមបូឌា) បានរៀបចំកម្មវិធីមហោស្រពអាហារនិម្មិត (Virtual Food Festival) ដែលប្រារព្ធឡើងក្នុងមួយសប្តាហ៍ម្តងក្នុងរយៈពេល ៤ សប្តាហ៍ជាប់ៗគ្នា ដែលមានដៃគូភោជនីយដ្ឋានផ្សេងៗដែលបានសហការ ជាមួយក្រសួងដើម្បីបង្កើតកម្មវិធីនេះឡើងដោយដាក់បង្ហាញមុខម្ហូបខ្មែរតាមតំបន់ជាច្រើន ឲ្យប្រជាជនទូទៅបានស្គាល់ម្ហូបខ្មែរយើងកាន់តែមានកេរ្តិ៍ឈ្មោះថែមទៀត។
ម្ហូបខ្មែរសម្បូរទៅដោយរសជាតិ ដែលមានលក្ខណៈចម្រុះបែបវប្បធម៌ជាមួយ និងរសជាតិពិសេសដែលភ្ជាប់ទៅនិងតំបន់ផ្សេងៗនៃព្រះរាជាណាចក្រអច្ឆរិយរបស់យើង ដោយមានគ្រឿងផ្សំស្រស់ៗ។ សម្រាប់សប្តាហ៍ទី ៣ នៃកម្មវិធីមហោស្រពអាហារនិម្មិត កាលពីថ្ងៃទី២៤ ខែកុម្ភៈ ម្សិលមិញ ក្រុមការងារបានធ្វើការ Live ផ្ទាល់ចេញពីទំព័រ Facebook ថ្មីរបស់ក្រសួងទេសចរណ៍ Rediscover The Wonders Of Cambodia (@tasthewondersofcambodia) ដែលផ្សាយចេញពីទីតាំងភោជនីយដ្ឋាន Eleven One Kitchen ក៏ដូចជាមានការចូលរួមពីភោជនីយដ្ឋាន សំបុក រមណីយដ្ឋានពិកនិក ភោជនីយដ្ឋានចាណាងជនជាតិដើម និងហាងបង្អែមនាសា ដើម្បីបង្ហាញពីមុខម្ហូបខ្មែរល្បីៗពីភោជនីយដ្ឋានទាំងនោះ ដើម្បីផ្សព្វផ្សាយម្ហូបខ្មែរបែបប្រពៃណីដ៏ឈ្ងុយឆ្ងាញ់នៅទូទាំងប្រទេសដល់សាធារណជនបានស្គាល់។
ក្នុងនោះដែរក្រសួងទេសចរណ៍ ក៏បានធ្វើការលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមតាមដានតំបន់ទេសចរណ៍ធម្មជាតិក្នុងស្រុក និងលើកកម្ពស់ម្ហូបអាហារខ្មែរតាមរយៈទំព័រ Facebook និង Instagram របស់ក្រសួង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។