ក្រសួង​សាធារណការ ពិភាក្សា​លើ​គម្រោង​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ពិភាក្សា​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​បាវិត ដោយមាន​ការអញ្ជើញ​ចូលរួម​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ទទួលបន្ទុក តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​។

​កិច្ចប្រជុំ​អន្តរក្រសួង​នេះ​ធ្វើឡើង ក្នុង​គោលបំណង​ពិនិត្យ និង​ពិភាក្សា​លេ​ី​របាយការណ៍​ស្តីពី​ការសិក្សា​សមិទ្ធិ​លទ្ធភាព​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី ភ្នំពេញ​ទៅ​ក្រុង​បាវិត ដើម្បី​ប្រមូល​មតិយោបល់ និង​ធាតុ​ចូល​ពី​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទៅ​លេ​ី​របាយ​ការ​ណ៏​សិក្សា​។​

​ថ្លែង​ទៅកាន់​អង្គប្រជុំ​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ផ្តល់​មតិយោបល់ និង​ពិភាក្សា​ឱ្យបាន​ស៊ីជម្រៅ​បន្ថែមទៀត​ទាក់ទង​នឹង​បញ្ហា​បច្ចេកទេស​ដើម្បី​បំពេញបន្ថែម​ចំណុច​ខ្វះ​ក្នុង​របាយការណ៍​នេះ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close