ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ចើញជាអធិបតីភាព​​ក្នុងវេទិកាពិគ្រោះយោបល់ក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១​នៅសាលាខេត្តស្វាយរៀង

នាព្រឹកថ្ងៃសុក្រ ០៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង មានរៀបចំវេទិកាពិគ្រោះយោបល់ក្នុងការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១

ខេត្ត និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក ព្រមទាំងលោក លោកស្រី ដែលជាតំណាងអង្គការសង្គមស៊ីវិលនានាក្នុងខេត្ត ។

មានប្រសាសន៍បើកអង្គវេទិកានាឱកាសនោះ ជាមួយនឹងការបញ្ជាក់ជូនពីគោលបំណងនៃការរៀបចំវេទិកានៅថ្ងៃនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការគុណ ចំពោះមន្ទីរផែនការខេត្ត និងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត ដែលបានសហការរៀបចំវេទិកានេះឡើង និងសម្ដែងនូវការកោតសរសើរចំពោះមន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ អស់ ដែលបានខិតខំសហការ និងជួយគាំទ្រក្នុងការអនុវត្តគម្រោង និងផែនការសកម្មភាព ដែលមានកំណត់នៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល កន្លងទៅ បានល្អប្រសើរ ។

ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសំណូមពរឲ្យសមាជិក សមាជិកានៃអង្គវេទិកាទាំងមូល ចូលរួមបញ្ចេញមតិយោបល់ឲ្យបានផុលផុស ជួយគាំទ្ររាល់គម្រោងដែលបានលើកឡើង និងធ្វើយ៉ាងណាបង្រួមសកម្មភាពក្រៅគម្រោងឲ្យនៅតិច ដោយបញ្ចូលសកម្មភាពទាំងនោះទៅក្នុងគម្រោងឲ្យបានច្រើន ធ្វើយ៉ាងណាឲ្យការរៀបចំគម្រោងវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១ របស់ខេត្ត កាន់តែមានភាពសុក្រឹត្យ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងធានានូវភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នារវាងគ្រប់អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ផែនការអភិវឌ្ឍន៍ខេត្តប្រាំឆ្នាំ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យ រួមចំណែកក្នុងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន ឈានទៅកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close