ក្រុមហ៊ុន​អាកាសចរណ៍​មួយ​របស់​ថៃ​នឹង​ចាប់ផ្តើម​ហោះហើរ​ទៅមក​បាងកក​-​សៀមរាប​ឡើងវិញ ចាប់ពី​ថ្ងៃទី​៣ ខែមីនា ២០២២

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២២ បានចេញ​ប្រកាស​ព័ត៌មាន​ថា ក្រុមហ៊ុន​អាកាសចរណ៍ Thai Smile របស់​ប្រទេស​ថៃ នឹង​ចាប់ផ្តើម​ហោះហើរ​ឡើងវិញ​ពី​ទីក្រុង​បាងកក​មកកាន់​ខេត្តសៀមរាប និង​ពី​ខេត្តសៀមរាប​ទៅកាន់​ទីក្រុង​បាងកក ចាប់ពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២២​តទៅ​។​

​តាម​ការ​បញ្ជាក់បន្ថែម​របស់​ក្រសួងទេសចរណ៍ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​របស់​ប្រទេស​ថៃ​មួយ​នេះ​នឹង​បើក​ការហោះហើរ​ត្រង់​២​ជើង​ក្នុង​១​សប្តាហ៍​។​

​ក្រសួងទេសចរណ៍​ក៏បាន​អំពាវនាវ​ដល់​សមាគម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ និង​សាធារណជន​បន្ត​ចូលរួម​ផ្សព្វផ្សាយ ក៏ដូចជា​ជំរុញ​ទេសចរ​អន្តរជាតិ​មកកាន់​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប ដែលជា​គោល​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់បំផុត​មួយ​របស់​កម្ពុជា​។​

​ក្រសួង​បាន​បន្តថា ដោយ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទូទាំងប្រទេស​កម្ពុជា សម្រេចបាន​ប្រមាណ​ជាង​៩០%​នៃ​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់ គិត​ត្រឹម​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២ និង​ការអនុវត្ត​វិធាន​សុវត្ថិភាព​បាន​យ៉ាង​ល្អ កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព និង​បាន​បើកទទួល​ទេសចរ​អន្តរជាតិ​ដោយ​មិន​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ក្នុងករណី​អ្នកដំណើរ​ពិនិត្យឃើញ​អវិជ្ជមាន​កូ​វីដ​-១៩ ពេលមកដល់​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close