រដ្ឋបាលខេត្ត​បាត់ដំបង នឹង​រៀបចំ​សណ្ដាប់ធ្នាប់ សោភ័ណភាព នៅក្នុង​តំបន់​អភិរក្ស

​ខេត្តបាត់ដំបង​៖ កាលពី​ចុង​សប្តាហ៍​នេះ រដ្ឋបាលខេត្ត​បាត់ដំបង បាន​ជូនដំណឹង ស្តីពី​ការ​កល​ម្អ និង​រៀបចំ​សណ្តាប់ធ្នាប់ សោភ័ណភាព នៅក្នុង​តំបន់​អគារ​អភិរក្ស ក្រុង​បាត់ដំបង​។​

​ក្នុង​សេចក្តីជូនដំណឹង​នោះ រដ្ឋបាលខេត្ត មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់ ឯកឧត្តម លោកជំទាវ លោក​ឧក​ញ៉ លោក លោកស្រី ដែលជា​ម្ចាស់​លំនៅឋាន និង​អាជីវកម្ម​ទាំងអស់ មេត្តា​ជ្រាបថា ដើម្បី​លើកកម្ពស់ សោភណ៍ភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និង​គុណ​តម្លៃ​នៃ​សំណង់​អគារ​អភិរក្ស ក្នុង​ទីប្រជុំជន​ក្រុង​បាត់ដំបង រដ្ឋបាលខេត្ត នឹង​រៀបចំ​សណ្តាប់ធ្នាប់ ក្នុង​តំបន់​អគារ​អភិរក្ស ចាប់ពី​ផ្លូវ​លេខ​១ ដល់​ផ្លូវ​លេខ​៣ (​ពី​ចំណុច​វត្ត​ដំរី​ស ដល់ វត្ត​ពិ​ភិ​ព្វា​រាម​) និង​លំនៅដ្ឋាន​ជុំវិញ​ផ្សារ​ធំ​បាត់ដំបង (​ផ្សារណាត់​ដោយ​តម្រូវឱ្យ​ម្ចាស់​លំនៅឋាន និង​អាជីវកម្ម ទាំងអស់ នៅក្នុង​ទីតាំង​ខាងលើនេះ ចូលរួម​អនុវត្តតាម​ការកំណត់​របស់​រដ្ឋបាលខេត្ត ដូចខាងក្រោម​៖
– ត្រូវ​ដក​បង្គោល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់​ចេញពី​លើ​ចិញ្ចើមផ្លូវ​។​
– កាត់​តម្រឹម​សំ​យ៉ាប​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ស្លាក​យីហោ​គ្រប់​ប្រភេទ ឱ្យ​សមស្រប​តាម បទ​ប្បញ្ញត្តិ ស្តីពី​ការដាក់​តាំង​ស្លាក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម និង​ស្លាក​យីហោ​តាម​មុខផ្ទះ​ក្នុង​តំបន់​អភិរក្ស​។
– មិន​អនុញ្ញាតឱ្យ​អាជីវករ យក​ទំនិញ​គ្រប់​ប្រភេទ ដាក់តាំង​លក់​លើ​ចិញ្ចើមផ្លូវ​មុខផ្ទះ​។​

​រដ្ឋបាលខេត្ត សង្ឃឹម​ជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ដែលជា​ម្ចាស់ លំនៅឋាន និង​អាជីវកម្ម​ទាំងអស់​ក្នុង​ទីតាំង​ខាងលើ នឹងចូលរួម​សហការ​អនុវត្ត ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close