បង្ក្រាប​គ្រឿងញៀន​ជាង ៥​គីឡូក្រាម ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ និង​សារធាតុ​ផ្សំ​មួយចំនួនធំ​ទៀត

​ភ្នំពេញ​៖ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​១០) បានបង្ហាញ​មុខសញ្ញា​ជ​ន​សង្ស័យ​គ្រឿងញៀន​ដ៏​ធំ​មួយ រួម​នឹង​ថ្នាំញៀន​ជាង ៥​គីឡូក្រាម នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២២ បន្ទាប់ពី​បង្ក្រាប បាន​កាលពី​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២២​។

​ការចុះ​បង្ក្រាប​ទីតាំង​កែច្នៃ ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នេះ បានធ្វើ​ឡើង​នៅ​ចំណុច​បន្ទប់​លេខ​១២​បេ ជាន់​ទី​១២ ខុន​ដូ MSK ផ្លូវ​លេខ​៤៥០ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្នុង​ប្រតិបត្តិការ​នោះ​ចាប់ខ្លួន​ជនសង្ស័យ​មានឈ្មោះ Su Yunshi ភេទ​ប្រុស ជនជាតិ​ចិន ស្នាក់នៅ​ទីតាំង​ខាងលើ រួម​នឹង​គ្រឿងញៀន​ជាង ៥​គីឡូក្រាម ក្នុងនោះ​មាន​មេ​តំ​ហ្វេ​តា​មីន​(WY) ទម្ងន់ ២​គីឡូក្រាម និង​៦៦៦​ក្រាម​, អ៊ិ​ច​ស្តា​ស៊ី​(MDMA) ទម្ងន់ ២​គីឡូក្រាម និង​៦៥១.៥១​ក្រាម​, កេ​តា​មីន​(KETAMIN) ទម្ងន់ ២១៩.៣៥​ក្រាម​, នី​មេ​តា​ហ្សេ​ប៉ា​ម​(4CEC) ទម្ងន់ ៣៥.៦៤​ក្រាម​។ សរុប​សារធាតុ​ញៀន​ទាំងអស់​មាន​ទម្ងន់​សុទ្ធ ៥​គីឡូក្រាម និង​៥៧២.៥០​ក្រាម​។​

​ក្រៅពីនេះ​សមត្ថកិច្ច​ក៏បាន​រកឃើញ​កញ្ឆា​ក្រៀម​ចំនួន ៤​គីឡូក្រាម និង​៥៤២​ក្រាម​, សារធាតុ​ផ្សំ ១៣​គីឡូក្រាម និង​ឧបករណ៍​កែច្នៃ​មួយចំនួនធំ ផងដែរ​។ បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close