ការប្រកួត​បាល់ទាត់​ក្នុង​សាល ពានរង្វាន់​វិទ្យាស្ថាន ខេ​ម​អេ​ដ ២០២២​ចាប់ផ្តើម​ដំណើរ​ប្រកួត​ជា​ផ្លូវការ​

​ការប្រកួត​កីឡាបាល់ទាត់​ក្នុង​សាល​បុរស ពានរង្វាន់​វិទ្យាស្ថាន ខេ​ម​អេ​ដ រដូវ​កាល​ថ្មី ២០២២ បានចាប់ផ្តើម​បើ​ការប្រកួត​ជា​ផ្លូវការ​ហើយ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន Premium Sport Club រាជធានី​ភ្នំពេញ​។​

​លោក ខេ​ស៊ី បា​ណេ​ត នាយក​វិទ្យាស្ថាន ខេ​ម​អេ​ដ បានផ្តល់​ការណែនាំ និង​លើកទឹកចិត្ត​ដល់​ក្រុម​ដែល​ចូលរួម​សរុប​ចំនួន​១៩​ក្រុម​ចូលរួម​ប្រកួត​ដោយ​គោរព​ឲ្យ​បាន​នូវ​ស្មារតី​សាមគ្គីភាព មិត្តភាព និង​គោលការណ៍​លេង​ដោយ​យុត្តិធម៌​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ជំរុញ​ឲ្យ​ព្រឹត្តិការណ៍​បាល់ទាត់​ក្នុង​សាល រដូវ​កាល ២០២២ នេះ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​។​

​លោក​បន្ថែម នៅក្នុង​ចំណោម​១៩​ក្រុម​ដែល​ចូលរួម​ប្រកួត​នេះ គឺមាន​ក្រុម​កីឡាករ​ជា​និស្សិត​ជនជាតិ​បារាំង​ក៏​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ក្រុម​កីឡាករ​ខ្មែរ​ដែរ​។ ក្នុងឆ្នាំនេះ​ដែរ ខេ​ម​អេ​ដ​ក៏​ត្រៀម​រៀបចំ​ការប្រកួត​កីឡាបាល់បោះ និង​អត្តពលកម្ម​ទៀតផង ដែល​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ​គឺជា​រឿង​សំខាន់ ដែល​ផ្តល់​ឲ្យ​និស្សិត​ចេះ​ចាប់ផ្តើម​ធ្វើការ​រួមគ្នា ការបណ្តុះ​ឆន្ទៈ ស្មារតី​របស់​កីឡាករ​រៀន​ធ្វើ​កិច្ចការ​ឲ្យ​ទទួលបាន​ជោគជ័យ ដើម្បី​ផ្តល់​ចំណេះដឹង បទពិសោធ​ល្អៗ នៅពេល​ពួកគាត់​ចេញទៅ​ប្រកបការងារ ក្រោយ​បញ្ចប់​ការសិក្សា​។ គោលបំណង​ចម្បង​នៃ​ព្រឹត្តិការណ៍​កីឡា​នេះ គឺ​ដើម្បី​បណ្តុះ​គំនិត​ឲ្យ​កីឡា​ករចេះ​ធ្វើការ​ជា​ក្រុម ធ្វើការ​ក្រោម​សម្ពាធ និង​ចេះ​ទទួលយក​ការ​ឈ្នះ​-​ចាញ់ ដើម្បី​អាច​គ្រប់គ្រង​អារម្មណ៍ ស្មារតី​ជាដើម​។​

​លោក ខេ​ស៊ី បា​ណេ​ត គូសបញ្ជាក់ថា ការប្រកួត​កីឡាបាល់ទាត់​ក្នុង​សាល​បុរស ពានរង្វាន់​វិទ្យាស្ថាន ខេ​ម​អេ​ដ រដូវ​កាល​ថ្មី ២០២២ ត្រូវបាន​រៀបចំ​ឡើងវិញ ក្រោយ​ខកខាន​១​ឆ្នាំ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ហើយ​លោក​បាន​ចាត់ទុកថា នេះ​ជា​ព្រឹត្តិការណ៍​កីឡា​មួយទៀត នៅ​ឆ្នាំ​២០២២​នេះ ដែល​វា​ជាការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​យើង​ក៏ដូចជា​និស្សិត​ទាំងអស់ ដើម្បី​ជំរុញ​ដល់​សុខមាលភាព​របស់​ពួកគេ ជាពិសេស​គឺ​ការអប់រំ​នៃ​ការធ្វើការ​ជា​ក្រុម តាមរយៈ​ការប្រកួត​កីឡា​នេះ​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ក្នុង​សាល ពានរង្វាន់​វិទ្យាស្ថាន ខេ​ម​អេ​ដ នឹង​ដំណើរការ​រយៈពេល​៤​ខែ ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​ពីថ្ងៃ​ទី​២៧ ខែកុម្ភៈ និង​គ្រោង​បញ្ចប់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close