សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារលិខិត ក្នុងឱកាសទិវាទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទ«ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា»
ភ្នំពេញ៖ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនកណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាឱកាសទិវាជាតិទីក្រុងស្អាតលើកទី១០ ក្រោមប្រធានបទ “ទីក្រុងស្អាត គាំទ្រការបើកទេសចរណ៍កម្ពុជា” អបជាមួយការប្រកាសយុទ្ធនាការ “កម្ពុជាស្អាត” ទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គប ឆ្នាំ២០២៣ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
សារលិខិតរបស់សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា ថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំមានសេចក្តីរីករាយជាអនេកដោយបានចូលរួមអបអរសាទរជាមួយបងប្អូនជន រួមជាតិទាំងអស់ក្នុងឱកាសប្រារព្ធទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២។ ការប្រារព្ធទិវាជាតិនេះពិតជាបានរួម ចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសចំពោះយុវជន កុលបុត្រ កុលធីតាខ្មែរឱ្យ បន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត ក្នុងកិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់ការអភិវឌ្ឍបៃតង ដែល ជាការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិយើង។
កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សំគាល់។ ជាអកុសល កំណើននេះ បានថមថយយ៉ាងខ្លាំងនៅក្នុងអំឡុងពេល២ឆ្នាំចុងក្រោយ ដោយសារឥទ្ធិពលដ៏អាក្រក់នៃវិបត្តិជំងឺកូវីដ-១៩។ ពិតណាស់ ជំងឺកូវីដ-១៩- មិនត្រឹមតែបានបង្កមហន្តរាយចំពោះសុខភាពសាធារណៈ ដោយបានសម្លាប់ជីវិតមនុស្ស តែប៉ុណ្ណោះទេ តែថែមទាំងបាននិងកំពុងបន្តបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ច-សង្គម ស្ទើរគ្រប់វិស័យ។
ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តែកម្ពុជានៅតែអាចគ្រប់គ្រងនិងដោះស្រាយ វិបត្តិបានយ៉ាងល្អប្រសើរ តាមរយៈការបង្កើតភាពស៊ាំក្នុងសហគមន៍ ដោយអនុលោមតាមផែនការយុទ្ធសាស្ត្រ យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស រហូតដល់សម្រេចបានលទ្ធផល ចាក់វ៉ាក់សាំងសរុប ៨៩,១៤% ធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ដែលការណ៍នេះបាននាំឱ្យកម្ពុជាមានលទ្ធភាពបើកឱ្យដំណើរការសកម្មភាពសេដ្ឋកិច្ចសង្គមឡើងវិញ ជាមួយការ បើកប្រទេសទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិផងដែរ។
ទិវាជាតិទីក្រុងស្អាតឆ្នាំ២០២២ នេះគឺជាខួបឆ្នាំទី១០ ហើយត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “ទីក្រុង ស្អាត៖ គាំទ្រការបើកទេសចរណ៍កម្ពុជា“ អមជាមួយការប្រកាសយុទ្ធនាការ “កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងគោលបំណងបង្ហាញឱ្យឃើញអំពីសារៈសំខាន់ នៃភាពស្អាត“ ដែលត្រង់ចំណុចនេះ “ស្អាត” សំដៅដល់ “ស្អាតដោយមានទេសភាពស្រស់ត្រកាល, ស្អាតដោយ ភាពប្រណិត, ស្អាតដោយមានបរិស្ថានល្អប្រសើរ ស្អាតដោយមានអនាម័យ, ស្អាតដោយមានសុវត្ថិភាព, ស្អាតដោយ មានគុណភាព និងស្អាតដោយមានឱជារសឆ្ងាញ់ពិសារ”។ “ភាពស្អាត” បានក្លាយជាអភិក្រមថ្មីនិងជាតម្រូវការ ចាំបាច់សម្រាប់ការជំរុញការស្ទារវិស័យទេសចរណ៍របស់យើងនៅក្នុងនិងក្រោយពេលវិបត្តិជំងឺកូវីដ-១៩ និងការ ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ជាការពិតប្រធានបទ នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ទីក្រុងប្រកបដោយ ភាពវៃឆ្លាត” មាន “ភាពស្អាតនិងបៃតង” ប្រកបដោយអនាម័យ ដែលមានសណ្តាប់ធ្នាប់រៀបរយមានការធានាបាននូវសុខសុវត្ថិភាពពេញលេញ, មានការផ្តល់សេវាសាធារណះ ប្រកបដោយបដិសណ្ឋារកិច្ចល្អ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់និងសម្បទាទ្រទ្រង់គ្រប់គ្រាន់ និងមានការផ្តល់ សេវាកម្មទេសចរណ៍ប្រកបដោយគុណភាព គឺជាមជ្ឈដ្ឋានដែលប្រជាជនគ្រប់រូបប្រាថ្នាចង់រស់នៅ ហើយទាំងនេះ ក៏ជាកត្តាកំណត់ការសម្រេចចិត្តដ៏ចម្បងបំផុតមួយសម្រាប់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅទស្សនារបស់ គេនាពេលបច្ចុប្បន្នផងដែរ។
សម្តេច សូមអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍពាក់ព័ន្ធ ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ បុគ្គលិក ក្រុមហ៊ុនឯកជនករោងចក្រ និងបងប្អូនជនរួម ជាតិទាំងអស់ មេត្តាបន្តផ្តល់ការគាំទ្រ និងចូលរួមអនុវត្តឱ្យបានផុលផុសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវ ចលនាប្រឡងប្រណាំង -ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ដើម្បីឱ្យកម្ពុជាក្លាយជា គោលដៅទេសចរណ៍ប្រកបដោយគុណភាព និរន្តរភាព និងសុវត្ថិភាព សម្រាប់ការបើកទទួលស្វាគមន៍ភ្ញៀវ ទេសចរអន្តរជាតិឡើងវិញ។
ជាមួយគ្នានេះ សម្តេច សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងបន្ត សហការចូលរួមគាំទ្រឧបត្ថម្ភ និងអនុវត្តរាល់យុទ្ធនាការនានាដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បី គាំទ្រដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត និងសូមជូនពរឱ្យទិវាជាតិទីក្រុងស្អាត ប្រព្រឹត្តិទៅប្រកបដោយ ជោគជ័យជានិច្ចនិរន្តរ៍ និងសូមប្រកាសជាផ្លូវការយុទ្ធនាការ “កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ សូមស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទីមកទស្សនាកម្សាន្ត ព្រះរាជាណាចក្រកម្ពុជា ហើយស្នើឱ្យភ្ញៀវទេសចរជាតិបន្តគាំទ្រគ្រប់សកម្មភាពទេសចរណ៍ផ្ទៃក្នុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។