ការប្រកួតកីឡាគុនល្បុក្កតោទទួលបានលទ្ធផលជាផ្លៃផ្កា ជាមួយនឹងពង្រឹងគុណភាពបន្ថែម ឆ្ពោះទៅ ស៊ីហ្គេម ២០២៣
ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ បានបញ្ចប់ដោយជោគជ័យ កាលពីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នៅសាលដំបូលទូក នៃសកលវិទ្យាភូមិន្ទភ្នំពេញ បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៣ថ្ងៃ ដែលនេះជាលទ្ធផលថ្មីមួយជាផ្លែផ្កា ក្នុងការពង្រឹងគុណភាពបន្ថែមនៃក្បាច់គុណប្រពៃណីព្រលឹងជាតិ ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាក្រកម្ពុជា។
ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡាថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរួមគ្នារបស់សហព័ន្ធ និងដៃគូអភិវឌ្ឍ ដែលធ្វើឲ្យការប្រកួតគុនល្បុក្កតោទទួលបាននូវលទ្ធផលជាផ្លែផ្កា នាពេលនេះ។ យើងឃើញថា ការរៀបចំ ការងារបច្ចេកទេសមានវឌ្ឍនភាព ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដោយឯកឧត្តមអគ្គនាយកកីឡាចាត់ទុកថា នេះមានការប្រែប្រួលក្នុងលក្ខណៈជាវិជ្ជមាន ជាច្រើន។ «កីឡាករ កីឡាការិនីល្បុក្កតោបច្ចេកទេស និងទេព្យកោល្យខ្ពស់ ទាំងទម្រង់ប្រយុទ្ធ និងទម្រង់សម្តែង ដែលបង្ហាញពីសមត្ថភាព ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងប្រកបដោយភាពជឿជាក់ និងក្តីសង្ឃឹមខ្ពស់ផងដែរ»។
ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះអាចដំណើរការទៅបានដោយសារការឧបត្ថម្ភគាំទ្រជាគោលការណ៍ពីក្រសួងអប់រំយុវជន និងកីឡា ដើម្បីជំរុញការអភិវឌ្ឍកីឡាគុនល្បុក្កតោ ក្នុងនោះក៏មានការចូលរួមពីក្រុមហ៊ុនជាដៃគូអភិវឌ្ឍន៍កីឡាប្រពៃណីនេះផងដែរ គឺក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលក្រុមហ៊ុនបានបំពេញតម្រូវការមួយចំនួនទាំងផ្នែកទីលាន ផ្នែកផ្គត់ផ្គង់ និងអាវយឺតដ៏ស្រស់ស្អាត សរុបជាទឹកប្រាក់ចំនួន ១៥,០០០ ដុល្លាសហរដ្ឋអាម៉េរិក។
ឯកឧត្តម កែវ រ៉េមី សង្កត់ធ្ងន់ថា ការប្រកួតនេះ ស្របគ្នានឹងទិសដៅត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយរាជរដ្ឋាភិបាលបានសម្រេចធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គឺមានកិច្ចការងារជាច្រើនដែលត្រូវបំពេញក្នុងឋានៈជាម្ចាស់នៃក្បាច់គុនប្រពៃណីព្រលឹងជាតិខ្មែរមួយនេះ ក្នុងទាំងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី គ្រូបង្វឹកអាជ្ញាកណ្តាលចៅក្រមក្នុងស្រុក និងធនធានមនុស្សនៅប្រទេសដែលជាសមាជិកផង ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់សម្រាប់ការប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣ ហើយជាពិសេសយើងនឹងមានការបង្ហាញទស្សនីយភាពដ៏ធំរបស់គុនល្បុក្កតោ ដែលមានអ្នកសម្តែងគុនល្បុក្កតោប្រមាណ ១០០០នាក់ នាស៊ីហ្កេម ឆ្នាំ២០២៣ ផងដែរ។
ឯកឧត្តមបានបន្តថា ដើម្បីសម្រេចកិច្ចការងារដ៏ធំធេង ដើម្បីកិត្តិយសជាតិ និងជាដឹងគុណដ៏បុព្វបុរស និងរាជរដ្ឋាភិបាល គឺយើងមិនអាចខ្វះបាន ពីការចូលរួម ការតាំងចិត្តបំពេញកិច្ចការងារដោយស្ម័គ្រចិត្តរបស់សមាជិកយើងម្នាក់ៗ ដើម្បីសម្រេចគោលដៅរួមគ្នា ក្នុងការជំរុញឲ្យគុនល្បុក្កតោកាន់ភាពល្បីល្បាញ ទាំងក្នុងស្រុក និងក្រៅស្រុកឲ្យស័ក្តិសមជាអ្នកបន្តវេនដ៏វៃឆ្លាតរបស់បុព្វបុរសខ្មែរយើង។
លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានបង្ហាញលទ្ធផលជ័យលាភីរបស់គណៈកម្មការបច្ចេកទេសថា សាលាគុនតារាជ (ខេត្តព្រះសីហនុ) ឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយច្រើនជាងគេ ដោយឈ្នះមេដាយមាស ៥ ប្រាក់៤ និងសំរឹទ្ធ១, លេខ២ ក្រសួងមហាផ្ទៃ មេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ៣, លេខ៣ សាលាគុនព្រះស៊ីសុវត្តិ (ភ្នំពេញ) មាស៣ និងសំរឹទ្ធ ១, លេខ៤ សាលាគុនសុវណ្ណអង្គរនាគរាជ (សៀមរាប) មាស ២ និងប្រាក់៣ និងលេខ៥ សាលាគុនគោកធ្លក (តាកែវ) មាស២ ប្រាក់១ និងសំរឹទ្ធ១ ខណៈ៥សាលាគុនផ្សេងទៀត ដណ្តើមបានមេដាយមាស ចំនួន១គ្រឿងដូចៗគ្នា។
ព្រឹត្តិការណ៍ថ្នាក់ជាតិនេះមានការចូលរួមពី២៧សាលាគុន ដែលមានកីឡាករ កីឡាការិនី គ្រូបង្វឹក សរុបប្រមាណ ២០០នាក់ គណៈកម្មការរៀបចំការប្រកួត ៤៤ នាក់ និងក្រុមការងារស្ម័គ្រចិត្ត ២០នាក់ អ្នកប្រកួតលើ២១ប្រភេទវិញ្ញសារ ក្នុងនោះមានវិញ្ញាសារសម្តែងទៅទម្រង់មេគុន១២ ប្រភេទវិញ្ញសា បុរស នារី និងវិញ្ញាសារប្រយុទ្ធមាន ៩ប្រភេទទម្ងន់បុរស-នារី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។