ស្ថាន​ការ​កាន់តែ​ធ្ងន់​! លោក ពូ​ទីន បញ្ជា​ឲ្យ​ដាក់អាវុធ​នុយក្លេអ៊ែរ ប្រុង​ជើងការ​ខ្ពស់​

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ម្សិលមិញ បាន​បញ្ជា​ឱ្យ​កងកម្លាំង​រារាំង​នុយក្លេអ៊ែរ​របស់​រុស្ស៊ី ដាក់​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ថ្ងៃអាទិត្យ​នេះ ចំពេល​មាន​ភាព​តានតឹង​ជាមួយ​លោកខាងលិច ជុំវិញ​ការវាយប្រហារ​អ៊ុយ​ក្រែ​ន​។

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​កំពូល កាលពី​ថ្ងៃទី​២៧ កុម្ភៈ លោក ពូ​ទីន បាន​សង្កត់ធ្ងន់ថា មហាអំណាច​ធំៗ​របស់​អង្គការ​ណា​តូ​បានធ្វើ «​សេចក្តីថ្លែងការណ៍​យ៉ាង​គឃ្លើន​ប្រឆាំង​ប្រទេស​រុស្ស៊ី​» រួមជាមួយ​នឹង​ការដាក់ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​មកលើ​ប្រទេស​របស់លោក ក្នុងនោះ​រួមទាំង​ប្រធានាធិបតី​ខ្លួនឯង​ផងដែរ​។​

​ការដាក់​ក្នុងស្ថានភាព​ប្រុង​ជើងការ​ខ្ពស់​មានន័យថា លោក​បាន​បញ្ជា​ឲ្យ​ត្រៀម​រៀបចំ​អាវុធ​នុយក្លេអ៊ែ​ឲ្យ​បាន​រួចរាល់​សម្រាប់​ការធ្វើ​ប្រតិបត្តិការ​។ លោក ពូ​ទីន បាន ស្នើ ដល់ រដ្ឋមន្ត្រី ការពារជាតិ រុស្ស៊ី និង មេបញ្ជាការ​កងទ័ព ឲ្យ ដាក់ កងកម្លាំង រារាំង នុយក្លេអ៊ែរ ទៅក្នុង ប្រព័ន្ធ​ពិសេស សម្រាប់ បម្រើការ ប្រយុទ្ធ​។​

ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​យ៉ាង​ដូច្នេះ​ថា «​បណ្តា​ប្រទេស​លោកខាងលិច មិន​ត្រឹមតែ​ចាត់វិធានការ​ប្រឆាំងនឹង​ប្រទេស​របស់​យើង​ក្នុង​វិស័យសេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មន្ត្រី​កំពូល​នៃ​អង្គការ​ណា​តូ​បានចេញ​សេចក្តីថ្លែងការណ៍​យ៉ាង​ចាស់ដៃ ប្រឆាំង​ប្រទេស​របស់​យើង​ទៀតផង​»​។

យ៉ាងណាក៏ដោយ ប្រភពព័ត៌មាន​ចុងក្រោយ ភាគី​ទាំងពីរ រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​បាន​ឯកភាព​ចរចា​គ្នា​ហើយ គឺ​នៅក្នុង​ប្រទេសមួយ​ជាប់​ព្រំដែន រវាង​ប្រទេស​ទាំងពីរ បែ​ល​ឡា​រុស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close