ផ្ទុះអាវុធជាច្រើនគ្រាប់នៅខណ្ឌជ្រោយចង្វារកាលពីយប់មិញ ជាករណីសមត្ថកិច្ចឡោមព័ទ្ធចាប់ជនសង្ស័យគ្រឿងញៀន បណ្តាលឱ្យរបួសសមត្ថកិច្ចពីរនាក់

សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យគ្រឿនញៀនម្នាក់ បានយកកាំបិតចាក់ទៅលើកម្លាំងសមត្ថកិច្ចចំនួន ២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចគល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ករណីនេះដំបូងជនសង្ស័យម្នាក់កំពុងតែឈរលក់គ្រឿងញៀននៅជិតតារាងបាល់ ជាប់គល់ស្ពានជ្រោយចង្វារត្រើយខាងកើត។ ពេលនោះសមត្ថកិច្ចឃើញដូច្នេះក៏បានចូលទៅចាប់ជនសង្ស័យ ក៏ប៉ុន្តែជនសង្ស័យបានរើបម្រះរួច និងបានដកកាំបិតពីចង្កេះចាក់ទៅលើសមត្ថកិច្ចបណ្ដាលឱ្យរងរបួសធ្ងន់ម្នាក់ ហើយសមត្ថកិច្ចដែលនៅជិតនោះក៏ដកកាំភ្លើងបាញ់ឡើងលើគម្រាមចំនួន ២គ្រាប់ ធ្វើឱ្យជនសង្ស័យភ័យក៏រត់ចេញពីកន្លែងកើតហេតុតាមមាត់ទន្លេឆ្ពោះទៅទិសខាងជើងចម្ងាយប្រហែល ១គីឡូម៉ែត្រ ទៅដល់កុងស៊ីកាប់គោក៏ពួនសម្ងំនៅក្នុងកន្លែងបន្ទប់ជួលមួយបង្កឱ្យមានការភ្ញាក់ផ្អើលទាំងសមត្ថកិច្ចមូលដ្ឋានទាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀន និងកងរាជអាវុធហត្ថ បាននាំគ្នាមកដល់កន្លែងដែលជនសង្ស័យសម្ងំលាក់ខ្លួនក៏បានវ៉ៃទម្លុះទ្វារស័ង្កសីដើម្បីចាប់ជនសង្ស័យ។ ខណៈនោះជនសង្ស័យបានស្ទុះមកចាក់ត្រូវមន្ត្រីកងរាជអាវុធហត្ថម្នាក់ទៀតបណ្ដាលឱ្យរងរបួស ហើយភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

បន្ទាប់មកជនដៃដល់ក៏បានរត់ទៅដល់ភូមិដើមគ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ហើយកម្លាំងសមត្ថកិច្ចក៏បានផ្ទុះអាវុធជាច្រើនគ្រាប់បន្ថែមទៀត ទើបចាប់បានជនសង្ស័យដែលជាអ្នកចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅភូមិកើតហេតុខាងលើ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនយកទៅសួរនាំ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close