២ខែ ដើមឆ្នាំ២០២២! កម្ពុជា រនាំចេញកសិផលជិត ២លានតោន ទៅកាន់ទិសដៅ ៥២ប្រទេស
ភ្នំពេញ៖ នៅក្នុងរយៈពេល២ខែដើម ឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប ១ ៨៣៥ ៤៧៥,៧០តោន ទៅកាន់ទិសដៅ ៥២ប្រទេស គឺមានការកើនឡើងចំនួន ១៥៩ ៣៣១,៣៣តោន ស្មើនឹង ៩,៥១% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដែលទទួលបានត្រឹមតែ ១ ៦៧៦ ១៤៤,៣៧តោន។
កសិផលសំខាន់ៗ ដែលបាននាំចេញ មានដូចខាងក្រោម៖
១- ការនាំចេញអង្ករ៖ បរិមាណអង្ករនាំចេញមានចំនួន ១០៣ ០៥៨ តោន កើនឡើងចំនួន ២៦ ៨៣៦តោន (៣៥,២១%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល២ខែដើមឆ្នាំ២០២១ ដែលមានចំនួន ៧៦ ២២២តោន។
– បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២០ប្រទេស មានបរិមាណសរុបចំនួន ២៦ ៥០៧តោន (កើនឡើងចំនួន ៧ ៥១១តោន ស្មើនឹង ៣៩,៥៤%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ៥៦ ៣៨៥តោន (កើនឡើងចំនួន ១៨ ៧៥៥តោន ស្មើនឹង ៤៩,៨៤%) ទិសដៅអាស៊ានចំនួន ៣ប្រទេស មានបរិមាណសរុបចំនួន ៩ ៣៧០តោន(កើនឡើងចំនួន ៣ ១៤១តោន ស្មើនឹង ៥០,៤៣%) និងទិសដៅដទៃទៀតចំនួន១៦ប្រទេស មានបរិមាណសរុប ១០ ៧៩៦តោន (ថយចុះចំនួន ២ ៥៧១តោន ស្មើនឹង -១៩,២៣%)
– ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៤១ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៧៧ ០៣៩តោន (៧៥,០២%) និងក្រុមហ៊ុន៣១ដទៃទៀតបាននាំចេញត្រឹមតែ ២៦ ០១៩តោន (២៤,៩៨%)។
២- ការនាំចេញស្រូវ៖ បរិមាណនាំចេញស្រូវមានចំនួន ៦៥១ ១០១ តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ៤១៣ ៧៧៥តោន) ដែលមានការកើនឡើងចំនួន ៩២ ០៦៨ តោន (១៦,៤៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន ៥៥៩ ០៣៣តោន។
៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ៖ បរិមាណនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ១ ៣១៨ ៦៤២,៧០ តោន កើនឡើងចំនួន ៦ ៥៧០,៣៣ តោន ស្មើនឹង ០,៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានចំនួន ១ ៣១២ ០៧២,៣៧ តោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។