អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ អះអាងថា កម្ពុជា គ្មាន​ករណី​ចាប់​បង្ខាំង​ជនជាតិ​ចិន ដើម្បី​ធ្វើ​ទាសករ​លក់​ឈាម​នោះទេ​!

​ភ្នំពេញ​៖ អ្នកនាំពាក្យ នៃ​អគ្គ​ស្នង​ដ្ឋា​ន​នគរបាលជាតិ កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានចេញ​សេចក្ដី​ប​ភ្លឺ​បកស្រាយ​ការពិត ចំពោះ​ការ​ប្រឌិត​ព័ត៌មាន​ថា មាន​ករណី​ចាប់​បង្ខាំង​ជនជាតិ​ចិន​ធ្វើជា​ទាសករ​លក់​ឈាម នៅ​តំបន់​ឆៃ​ណា​ថោ​ន ខេត្ត​ព្រះសីហនុ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បរិយាកាស និង​ចិត្តសាស្ត្រ​សង្គម ព្រមទាំង​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ពី​សំណាក់​សាធារណៈមតិ​ជាតិ អន្តរជាតិ​ជាច្រើន​។​



អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ទាំងស្រុង​ដូចខាងក្រោម​៖
​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អកុសល​ខាងលើ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ចង្អុល​ដឹកនាំ​អង្គភាព​ជំនាញ ឲ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ជាបន្ទាន់ ដោយ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ពាក់ព័ន្ធ​ជាច្រើន​កន្លែង និង​ប្រមូល​ចម្លើយ​សាក្សី​មួយចំនួន ព្រមទាំង​បាន​រកឃើញថា ព័ត៌មាន​ខាងលើ ជា​ព័ត៌មាន​ប្រឌិត ដែល​រៀបចំ​ដោយ​ឈ្មោះ LuYA YUAN LUN ភេទ​ប្រុស ជនជាតិ​ចិន អាយុ ៣១​ឆ្នាំ (​ស្នាក់នៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប៊ីធ​ន​កម្ពុជា​-​ចិន រាជធានី​ភ្នំពេញ​) និង​អ្នកពាក់ព័ន្ធ​ចំនួន ០៣​នាក់ ដែល​ក្នុងនោះ​៖

*​ទី​១៖ ឈ្មោះ LI YA YUAN LUN ដែល​អះអាងថា ជា​ជនរងគ្រោះ ធាតុពិត​ជន​រូបនេះ​បាន​លួច​ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ប៉ុន្តែ​អាស្រ័យ​ដោយមាន​ជំងឺ​ប្រចាំកាយ ក៏បាន​ទាក់ទង​មនុស្ស​មួយក្រុម ដើម្បី​ជួយ​រក​វិធី​ដោះស្រាយ​បញ្ហា​របស់ខ្លួន​។​

*​ទី​២៖ អ្នកពាក់ព័ន្ធ​ចំនួន ០៣​នាក់ គឺជា​អ្នក​ជួយ​ដល់​ឈ្មោះ LI YA YUAN LUN ក្នុងការ​រៀបចំ​គម្រោង​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ អំពី​ការ​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម និង​ធ្វើជា​ទាសករ​លក់​ឈាម ដើម្បី​ជា​លេស​ជួយ​ដល់​ឈ្មោះ LI YA YUAN LUN គេច​ផុតពី​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នៅ​កម្ពុជា​។​
​បច្ចុប្បន្ន ឈ្មោះ YAYUAN UN និង​អ្នកពាក់ព័ន្ធ​ចំនួន ០៣​នាក់ (​ស្រី ០១​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សូម​អំពាវនាវ​ដល់​គ្រប់​មជ្ឈដ្ឋាន សារព័ត៌មាន និង​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ ធ្វើការ​កែសម្រួល​ឡើងវិញ​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ខាងលើ​ដើម្បី​ចៀសវាង​ការភ័ន្តច្រឡំ​ពី​សាធារណៈមតិ​ជាតិ អន្តរជាតិ​។​

​ទន្ទឹមគ្នានេះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក៏មាន​សំណូមពរ​ដល់​អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ គប្បី​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​មិនត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ជាពិសេស​ចៀសវាង​ធ្វើការ​សន្និដ្ឋាន ហេតុការណ៍​ណាមួយ​ដោយ​អត្តនោម័ត ពុំមាន​ភស្តុតាង​ច្បាស់លាស់ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិយាកាស​ស​ង្គ​ម និង​បង្ក​ឲ្យ​មាន​ភាពភ័យខ្លាច​ដល់​ទេសចរណ៍​ជាតិ អន្តរជាតិ និង​អ្នកវិនិយោគ​បរទេស​នៅ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close