កម្ពុជាបញ្ជូនកងទ័ពមួកខៀវជាង ២រយនាក់ទៀត ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល
នៅព្រឹកមិញនេះ កម្ពុជាបានបញ្ជូនកងវិស្វកម្មចំនួន២១៦នាក់ទៀត ដើម្បីទៅចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមស្លាកអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ពិធីជូនដំណើរកងវិស្វកម្មលេខ៥៩៤ទាំង២១៦នាក់ បានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ។
បើតាមសេចក្តីប្រកាស កងវិស្វកម្ម លេខ៥៩៤ គឺជាកងវិស្វកម្ម លើកទី៥ហើយ ដែលត្រូវបញ្ជូន ទៅចូលរួមបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ហើយកងនេះ នឹងត្រូវទៅប្តូរវេនជំនួសកងវិស្វកម្មលេខ៩៥៤ ដែលបានសម្រេចភារកិច្ចដោយជោគជ័យ ក្នុងបេសកកម្មរក្សាសន្តិភាពអាណត្តិ១ឆ្នាំរបស់ខ្លួន នៅសាធាណរដ្ឋអាហ្វ្រិកកណ្តាល ហើយគ្រោងនឹងធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៥ វិច្ឆិកា ខាងមុខ ដោយមានការធ្វើពិធីទទួលក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។